ការហែកពន្ធនាគារដ៏ធំមួយបានកើតឡើងនៅពន្ធនាគារស្រុក Malir នៃទីក្រុង Karachi របស់ប៉ាគីស្ថាន កាលពីយប់ថ្ងៃចន្ទ (០២ មិថុនា) បន្ទាប់ពីភាពវឹកវរបានផ្ទុះឡើងអំឡុងពេលមានគ្រោះរញ្ជួយដី។ មន្រ្តីនិយាយថា អ្នកទោសយ៉ាងតិច ២០០នាក់ បានរត់គេចខ្លួន ខណៈអ្នកទោសម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងការបាញ់ប្រហារអំឡុងការគេចខ្លួន។

បុគ្គលិកបីនាក់នៃទីភ្នាក់ងារពន្ធនាគារ FC និងឆ្មាំពន្ធនាគារម្នាក់ ក៏រងរបួសយ៉ាងធ្ងន់ធ្ងរដែរក្នុងឧបទ្ទវហេតុនេះ។ ក្រុង Karachi ត្រូវបានដាក់ក្នុងការប្រុងប្រយ័ត្នខ្ពស់ ខណៈហេតុការណ៍គេចខ្លួននេះបានប្រែក្លាយពន្ធនាគារស្រុក Malir ដូចទៅនឹងតំបន់សង្រ្គាម។ ក្នុងចំណោមអ្នករត់គេចនោះ អ្នកទោសជាង ១០០នាក់ ដែលភាគច្រើនប្រឈមបទឧក្រិដ្ឋធ្ងន់ធ្ងរ បានគេចខ្លួន បន្ទាប់ពីការធ្វេសប្រហែសសន្តិសុខ ដែលបង្កដោយការភ័យស្លន់ស្លោរញ្ជួយដី ហើយអ្នកទោសប្រហែល ៧៥នាក់ ត្រូវចាប់ខ្លួនមកវិញ។

ក្នុងអំឡុងចលាចល អ្នកទោសបានលួចអាវុធ បើកការបាញ់ប្រហារទៅលើមន្ត្រី និងជាច្រើននាក់ទៀតរងរបួស ដោយបង្ហាញពីភាពទន់ខ្សោយក្នុងប្រព័ន្ធពន្ធនាគាររបស់ប៉ាគីស្ថាន។ មន្ត្រីជាន់ខ្ពស់ប៉ាគីស្ថាននិយាយថា អ្នកទោសបានទម្លុះទ្វារធំ មិនមែនរត់តាមជញ្ជាំងដូចដែលរាយការណ៍ពីមុនទេ។
ភ្លាមៗបន្ទាប់ពីហេតុការណ៍នេះ កងកម្លាំងសន្តិសុខបានបើកប្រតិបត្តិការស្វែងរកទ្រង់ទ្រាយធំ ហើយគិតត្រឹមព្រឹកថ្ងៃអង្គារ (០៣ មិថុនា) នេះ យ៉ាងហោចណាស់អ្នកទោស ១៤០នាក់ នៅតែមិនទាន់ចាប់បាន នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាល៕