ក្រុមតំណាងឲ្យធុរកិច្ចចិន បានព្រមានថា វិធានការរបស់សហភាពអឺរ៉ុប (EU) ក្នុងការទប់ស្កាត់លទ្ធភាពរបស់ក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រនៃប្រទេសនេះមិនឲ្យទទួលបានកិច្ចសន្យារបស់រដ្ឋាភិបាលក្នុងប្លុកនេះ នឹងប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្ម។
បើយោងតាមសេចក្តីថ្លែងការណ៍ពីក្រុមចិន កាលពីថ្ងៃចន្ទ (ទី២ ខែមិថុនា) បានបង្ហាញថា សភាពាណិជ្ជកម្មចិនប្រចាំ EU បានសម្តែង «ការខកចិត្តយ៉ាងខ្លាំង» ចំពោះការប្រើប្រាស់ពាណិជ្ជកម្មរបស់ EU ជាឧបករណ៍រឹតបន្តឹងការចូលរួមរបស់ក្រុមហ៊ុនចិន នៅក្នុងលទ្ធកម្មសាធារណៈ។

សមាគមដែលសមាជិករបស់ខ្លួនរួមមានទាំងធនាគារចិន Cosco Shipping Holdings និងក្រុមហ៊ុន BYD ដែរនោះ បានលើកឡើងថា៖ «ការដាក់គោលដៅរបស់ EU ប្រឆាំងនឹងសហគ្រាសចិន បានបង្កជាសញ្ញាដ៏អាក្រក់ ដែលមិនត្រឹមតែបន្ថែមភាពស្មុគស្មាញថ្មីដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ទុយទៅនឹងគោលការណ៍បើកចំហ យុត្តិធម៌ និងមិនរើសអើង ក្នុងការធ្វើពាណិជ្ជកម្មទៀតផង»។
ជម្លោះនេះគំរាមកំហែងបន្ថែមភាពរំជើបរំជួលដល់ទំនាក់ទំនង ខណៈដែលទីក្រុងប៉េកាំងព្យាយាមពង្រឹងទំនាក់ទំនងជាមួយ EU ដោយបង្ហាញថា ខ្លួនជាដៃគូដែលអាចទុកចិត្តបានជាងគេ ក្នុងពេលប្រធានាធិបតីអាមេរិក លោក Donald Trump ផ្តាច់ខ្លួនចេញប្លុកនេះ ដោយសារបញ្ហាជាច្រើន រាប់ចាប់ពីបញ្ហាពន្ធគយរហូតដល់វិស័យការពារជាតិ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao គ្រោងនឹងជួបជាមួយមន្ត្រីពាណិជ្ជកម្ម EU នៅដើមខែមិថុនា ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ជាកន្លែងដែលលោកអាចដោះស្រាយបញ្ហាពាណិជ្ជកម្មរបស់ប្លុកនេះ ក្នុងនោះរួមទាំងកង្វះសិទ្ធិចូលដោយយុត្តិធម៌ទៅកាន់ទីផ្សារលទ្ធកម្មរបស់ប្រទេសចិនផងដែរ។ មេដឹកនាំអឺរ៉ុបនឹងធ្វើដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលនៅខែកក្កដា ជាមួយសមភាគីចិន៕

