សេតវិមាន និយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping ទំនងជានឹងមានជំនួបតាមទូរស័ព្ទទន្ទឹងរង់ចាំជាយូរក្នុងសប្តាហ៍នេះ ស្របពេលភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២របស់ពិភពលោក កើនឡើងស្ទើរគ្រប់ពេល ។
លោក Trumpបានបញ្ឆេះភាពតានតឹងជាមួយចិនកាលពីសប្តាហ៍មុន ពេលដែលលោកចោទប្រកាន់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២របស់ពិភពលោកមួយនេះថា បំពានកិច្ចព្រមព្រៀងដែលនាំឲ្យប្រទេសទាំងកាត់បន្ថយបណ្តោះអាសន្ននូវការដំឡើងពន្ធបដិការដ៏ធំរបស់ពួកគេ ។

ពេលសួរថាតើលោក Trump និងលោក Xiនឹងនិយាយគ្នាឬ? អ្នកស្រី Karoline Leavitt គឺជាអ្នកនាំពាក្យសេតវិមាន និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រៅសេតវិមានថា មេដឹកនាំទាំង ២ ទំនងជាជជែកគ្នាក្នុងសប្តាហ៍នេះ ។
ដោយឡែក ពេលសួរអំពីសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា ទីក្រុងប៉េកាំងគ្មានព័ត៌មានផ្តល់ជូននោះទេ ។
លោក Trump និងលោក Xiនៅមិនទាន់បានទាក់ទងគ្នាតាមការបញ្ជាក់ណាមួយនោះទេ រយៈពេលជាង ៥ខែ ក្រោយលោក Trumpមកពីគណបក្សសាធារណរដ្ឋ បានវិលត្រឡប់មកកាន់អំណាចវិញ បើទោះបីជាមានអំណះអំណាងញឹកញាប់ដោយប្រធានាធិបតីសហរដ្ឋអាមេរិកថា ការជជែកគ្នាតាមទូរស័ព្ទជិតកើតឡើងក៏ដោយ ៕
