បេក្ខជននៃគណបក្សសេរីនិយមរបស់កូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានព្យាករថា នឹងឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេស។ នេះបើយោងតាមការព្យាករពីប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះ នៅថ្ងៃអង្គារ (ទី៣ ខែមិថុនា) នេះ។
ការស្ទង់មតិក្រោយការបោះឆ្នោតបញ្ចប់ភ្លាមៗ កាលពីមុន ភាគច្រើនស្របនឹងលទ្ធផលផ្លូវការចុងក្រោយ។ ការស្ទង់មតិរួមគ្នា ដោយប្រព័ន្ធផ្សព្វផ្សាយ KBS, MBC និង SBS បានបង្ហាញថា លោក Lee ទទួលបានសំឡេងឆ្នោត ៥១,៧ភាគរយ ហើយគូប្រជែងខាងគណបក្សអភិរក្សនិយមរបស់លោក Kim Moon-soo មាន ៣៩,៣ភាគរយ។
ចំណែកការស្ទង់មតិដាច់ដោយឡែករបស់ទូរទស្សន៍ JTBC បានបង្ហាញថា លោក Lee ទទួលបានសំឡេងឆ្នោត ៥០,៦ភាគរយ ហើយលោក Kim ៣៩,៤ភាគរយ។ ហើយទូរទស្សន៍ Channel A ក៏បានព្យាករពីការមានជ័យជម្នះរបស់លោក Lee ផងដែរ ដោយកម្រិតល្អៀងស្រដៀងគ្នា។
គួរបញ្ជាក់ថា ប្រហែល ៧៨ភាគរយនៃអ្នកមានសិទ្ធិបោះឆ្នោតរបស់កូរ៉េខាងត្បូងចំនួន ៤៤,៣៩លាននាក់ បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសមេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៤ របស់អាស៊ី ដោយសង្ឃឹមថា នឹងអាចបញ្ចប់ភាពចលាចលរយៈពេល ៦ខែ បង្កឡើងដោយច្បាប់អាជ្ញាសឹកដ៏គួរឲ្យភ្ញាក់ផ្អើលដែលត្រូវបានដាក់ដោយអតីតមេដឹកនាំ លោក Yoon Suk Yeol៕