ការិយាល័យព័ត៌មានហ្កាហ្សា បានចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្តឧក្រិដ្ឋកម្មម្តងហើយម្តងទៀត ដោយពួកគេល្បួងជនប៉ាឡេស្ទីនស្រេកឃ្លានទៅកាន់ទីតាំងចែកចាយជំនួយគ្រប់គ្រងដោយមូលនិធិមនុស្សធម៌ហ្កាហ្សា រួចបាញ់សម្លាប់ពួកគេ ១០២នាក់ ក្នុងរយៈពេល ៨ថ្ងៃកន្លងមកនេះ ។
ជនប៉ាឡេស្ទីនយ៉ាងហោច ២៧នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារចុងក្រោយនៅទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ហើយជនប៉ាឡេស្ទីនយ៉ាងហោច ៥៨នាក់ ត្រូវបានសម្លាប់នៅទូទាំងតំបន់ហ្កាហ្សានៅថ្ងៃអង្គារនេះ ។
មន្ទីរពេទ្យ Nasser ស្ថិតនៅទីក្រុង Khan Younis ទទួលយកមនុស្ស ៣៥នាក់ ដែលត្រូវបានសម្លាប់នៅថ្ងៃនេះ រួមទាំងអ្នកស្វែងរកជំនួយ ២៧នាក់ ដែលត្រូវបានបាញ់សម្លាប់ទីក្រុង Rafah ។
នៅឯមន្ទីរពេទ្យ al-Shifa ស្ថិតក្នុងទីក្រុងហ្កាហ្សា ទទួលយកសាកសពមនុស្ស ១៤នាក់ ហើយសាកសពមនុស្ស ៣នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ al-Ahli Arab ។
ខណៈពេលនោះដែរ អ្នកស្រី Victoria Rose ដែលជាគ្រូពេទ្យវះកាត់អង់គ្លេសបានចាត់ទុកស្ថានភាពនៅតំបន់ហ្កាហ្សាថាជាការសម្លាប់រង្គាលទាំងស្រុង ក្រោយក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថា ជនប៉ាឡេស្ទីនជាង ៣០នាក់ ត្រូវបានសម្លាប់ ហើយមនុស្សជិត ១៧០នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃអាទិត្យ នៅភាគខាងត្បូងហ្កាហ្សា ស្ថិតនៅជិតទីតាំងចែកចាយស្បៀងអាហារ ៕