ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ បានធ្វើឲ្យរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅតាមភូមិដ្ឋានជាច្រើនក្នុងរដ្ឋនៅភាគឦសានប្រទេសឥណ្ឌា ស្របពេលដែលផ្ទះសម្បែង និងកសិដ្ឋានភាគច្រើនរបស់ពួកគេ រងការជន់លិចនៅថ្ងៃអង្គារនេះ ។
ផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹក និងថាមពល ដំណាំ និងផ្ទះសម្បែងប្រជាពលរដ្ឋ រងផលប៉ះពាល់គ្មានសេសសល់នៅរដ្ឋ Assam ។ ប្រជាពលរដ្ឋ បានបង្ខំចិត្តធ្វើដំណើរតាមទូក និងត្រាក់ទ័រ ពេលដែលពួកគេធ្វើដំណើរទៅកាន់ទីទួលសុវត្ថិភាព ។
លោក Rahimuddin គឺជាជនរងគ្រោះមួយរូបដោយសារទឹកជំនន់ និយាយថា រដ្ឋបាលរដ្ឋគួរតែធ្វើការងារដើម្បីដោះស្រាយបញ្ហាគ្រោះមហន្តរាយប្រចាំឆ្នាំនេះ ។
សូមបញ្ជាក់ថា តំបន់ភាគឦសានប្រទេសឥណ្ឌា និងប្រទេសជិតខាងបង់ក្លាដែស រងភាពញាំញីដោយសារភ្លៀងធ្លាក់ខ្លាំង បង្កឲ្យមានបំណាក់ដី និងទឹកជំនន់ដ៏គំហុក ធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់ ជារៀងរាល់ឆ្នាំ ៕