ប្រមុខការពារជាតិរបស់ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យធ្វើរបងទាំងស្រុងនៅព្រំដែនរបស់ប្រទេសជាមួយប្រទេសជិតខាងចំនួន៤របស់ខ្លួន ដើម្បីទប់ស្កាត់ច្រកចូលរបស់ក្រុមប្រដាប់អាវុធ ក្នុងពេលមានភាពអសន្តិសុខកើនឡើង។

យោធារបស់ប្រទេសនីហ្សេរីយ៉ា បានជួបភាពតានតឹងដោយសារតែបញ្ហាសន្តិសុខរាលដាល ជាពិសេសការបះបោររយៈពេល១៦ឆ្នាំនៅភាគឦសាន ដែលដឹកនាំដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយម Boko Haram និងសាខាក្រុមរដ្ឋអ៊ីស្លាមនៅអាហ្វ្រិកខាងលិច។ កងកម្លាំងសន្តិសុខ និងជនស៊ីវិល ត្រូវបានវាយប្រហារ និងសម្លាប់ ហើយមនុស្សរាប់ម៉ឺននាក់ត្រូវភៀសខ្លួនចេញ។

នាយសេនាធិការការពារជាតិ ឧត្តមសេនីយ Christopher Musa នៅក្នុងសន្និសិទសន្តិសុខក្នុងរដ្ឋធានី Abuja បាននិយាយថា «ការគ្រប់គ្រងព្រំដែន មានសារៈសំខាន់ខ្លាំង» ដោយលើកឡើងពីរបងប្រវែង ១.៣៥០គីឡូម៉ែត្ររបស់ប្រទេសប៉ាគីស្ថានជាមួយប្រទេសអាហ្វហ្កានីស្ថាន នឹងរបាំងការពារប្រវែង១.៤០០គីឡូម៉ែត្ររបស់ប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយប្រទេសអ៊ីរ៉ាក់ ដែលជាគំរូដ៏ជោគជ័យ។
នេះជាលើកទីមួយហើយ ដែលមន្ត្រីជាន់ខ្ពស់ប្រទេសនីហ្សេរីយ៉ា បានស្នើជាសាធារណៈនូវវិធានការបែបនេះ។ ប្រទេសនីហ្សេរីយ៉ា មានព្រំប្រទល់ជាប់ប្រទេសនីហ្សេ កាមេរូន បេនីន និងប្រទេសឆាដ ដែលទាំងអស់កំពុងទប់ទល់ទៅនឹងការបង្កើនយុទ្ធនាការរបស់ក្រុមសកម្មប្រយុទ្ធនៅទូទាំងតំបន់សាហេល។