នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវ ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍ ស្ថិតនៅក្នុងភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះថេរានុត្ថេរៈទាំងពីរគណៈ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អាចារ្យ គណៈកម្មការ បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ សរុបប្រមាណ ៨០០អង្គ/នាក់។
មានប្រសាសន៍រាយការណ៍ជូនអង្គពិធី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានរៀបរាប់ថា វត្តចំប៉ាចារ៍ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨១០ មកដល់ពេលនេះមានអាយុកាល ២១៥ឆ្នាំហើយ។ ចាប់តាំងឆ្នាំ២០១៤ ដល់បច្ចុប្បន្ន ព្រះចៅអធិការវត្ត ព្រះនាម ឃី ណារិទ្ធ បានដឹកនាំ កសាងសមិទ្ធផលជាច្រើន ដែលត្រូវសម្ពោធឆ្លងដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅវត្តចំប៉ាចារ៍ នាពេលនេះ រួមមាន៖ សាលាពុទ្ធិកបឋមសិក្សា (សាលាបាលី) ទទឹង ៨ម៉ែត្រ បណ្តោយ ១៦ម៉ែត្រ កម្ពស់ ០២ជាន់, ព្រះពុទ្ធបដិមាឱ្យអភ័យសត្វ ០១ព្រះអង្គ, សាលាទទួលភ្ញៀវ ១ខ្នង, ខ្លោងទ្វារ២, របងវត្តប្រវែង ៤០៦ម៉ែត្រ ស្មើនឹង ១៥ប្រឡោះ, ផ្លូវបេតុងចំនួន ២ខ្សែ, ស្ពានបេតុ១ និងសមិទ្ធផលនានា។
ក្រោយបានស្តាប់របាយការណ៍វឌ្ឍនភាពការងាររបស់ឯកឧត្តមអភិបាលខេត្តរួចមក ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ដែលបានលើកឡើងដោយ ឯកឧត្តមអភិបាលខេត្ត មុននេះ ដែលបានបង្ហាញពីសមិទ្ធផលដែលសម្រេចបាន និងការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ពិសេសការពង្រីកហេដ្ឋារចនាសម្ព័ន្ធទៅតាមទីជនបទដាច់ស្រយាល និងជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់ដ៏មានសក្តានុពលក្នុងទឹកដឹនៃខេត្តកំពង់ស្ពឺ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថាសមិទ្ធផលទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ អំពីជំនឿដ៏មុតមាំ របស់ពុទ្ធសាសនិកយើង និងការប្តេជ្ញាចិត្ត ប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ជាពិសេស សាលាពុទ្ធិកបឋមសិក្សានេះ នឹងបម្រើជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ ព្រះសង្ឃ និង សមណសិស្សគ្រប់ព្រះអង្គ ដែលគង់នៅវត្តចំប៉ាចារ៍ ក៏ដូចជាព្រះសង្ឃនៃឃុំអង្គពពេល ស្រុកគងពិសីទាំងអស់ ដោយសាលានេះ នឹងផ្តល់ជាទីបណ្តុះបណ្តាលដល់ព្រះសង្ឃ អំពីបាលីធម្មវិន័យ និងបង្ហាត់បង្រៀនក្មេងៗមួយចំនួន ដែលគ្មានលទ្ធភាព និងស្នាក់នៅវត្តផងដែរ៕