រុស្ស៊ី៖ លោកប្រធានាធិបតី Vladimir Putin បានព្រមានកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាជាការឆ្លើយតបទៅនឹងសកម្មភាព "មិនរាក់ទាក់" របស់បស្ចិមប្រទេសជុំវិញជម្លោះអ៊ុយក្រែន ជាការកើនឡើងយ៉ាងខ្លាំងខាងវោហាសាស្ត្រ។
អស់រយៈពេលជាច្រើនសប្តាហ៍មកនេះ ប្រធានាធិបតីរុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តយោធាណាតូដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោនថា បានធ្វើឱ្យមានភាពតានតឹងនៅជិតព្រំដែនរបស់ទីក្រុងមូស្គូ ប៉ុន្តែទាំងនេះគឺជាការអត្ថាធិប្បាយដំបូងរបស់លោក ដែលបង្ហាញពីជម្លោះដ៏ខ្លាំងអាចនឹងកើតមាន។ លោក Putin បានប្រាប់មន្ត្រីក្រសួងការពារជាតិថា ប្រសិនបើលោកខាងលិចបន្ត “ជំហររុកកួនយ៉ាងគឃ្លើន ” រុស្ស៊ីនឹងចាត់វិធានការសងសឹកសមតាមបែបបច្ចេកទេសយោធា។ លោកបាននិយាយថា ប្រទេសរុស្ស៊ី "នឹងមានប្រតិកម្មដាច់ណាត់ចំពោះជំហានដែលមិនរាក់ទាក់" ដោយបន្ថែមថា លោកចង់គូសបញ្ជាក់ថា យើងមានសិទ្ធិគ្រប់យ៉ាងធ្វើដូច្នេះ។
សហរដ្ឋអាមេរិកបានប្រកាសអាសន្នតាំងពីពាក់កណ្តាលខែវិច្ឆិកាថា ទីក្រុងមូស្គូអាចនឹងមានគម្រោងវាយប្រហារទ្រង់ទ្រាយធំ លើអតីតប្រទេសជិតខាងសូវៀតអ៊ុយក្រែនរបស់ខ្លួន ហើយបានព្រមានលោក Putin ពីទណ្ឌកម្មមិនធ្លាប់មានពីមុនមកបើហានវាយប្រហារមែននោះ។ លោក Putin បាននិយាយថា រុស្ស៊ីគ្មានផែនការដកថយពីព្រំដែនជាប់ប្រទេសអ៊ុយក្រែនទេ។ បណ្ដារដ្ឋាភិបាលលោកខាងលិចបានចោទប្រកាន់ទីក្រុងមូស្គូថា បានប្រមូលផ្តុំកងទ័ពប្រហែល ១០ម៉ឺននាក់នៅជិតព្រំដែនរបស់ខ្លួនជាមួយភាគខាងកើតអ៊ុយក្រែន ជាទីដែលទីក្រុងគៀវ (Kiev) បានប្រយុទ្ធជាមួយពួកបំបែកខ្លួនដែលគាំទ្ររុស្ស៊ីតាំងពីឆ្នាំ២០១៤៕
អត្ថបទ៖ សុខមាន