រដ្ឋមន្ត្រីការបរទេស នៅថ្ងៃពុធ (ទី៤ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសប៉ាគីស្ថាន «បានត្រៀមខ្លួនរួចជាស្រេច ប៉ុន្តែមិនប្រញាប់ប្រញាល់» នោះឡើយ សម្រាប់កិច្ចពិភាក្សាជាមួយប្រទេសឥណ្ឌា ដែលជាគូអរិដ៏ធំបំផុត ជាការកត់សម្គាល់ដែលគូសបញ្ជាក់ពីកង្វះនៃការផ្សះផ្សា រវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំង២ ក្រោយមានជម្លោះយោធាដ៏អាក្រក់បំផុតជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ភាគីទាំង២ បានប្រើប្រាស់យន្តហោះចម្បាំង មីស៊ីល យានដ្រូន និងកាំភ្លើងធំ កាលពីខែមុន អំឡុងរយៈពេល ៤ថ្ងៃនៃការប៉ះទង្គិចគ្នា ដែលជាការប្រយុទ្ធដ៏អាក្រក់បំផុតរបស់ប្រទេសទាំង២ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ មុនពេលយល់ព្រមព្រៀងឈានដល់បទឈប់បាញ់ ដែលមានការសម្របសម្រួលដោយសហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែឧសភា។
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុង Islamabad ថា៖ «នៅពេលណាដែលពួកគេស្នើសុំកិច្ចសន្ទនាក្នុងកម្រិតណាក៏ដោយ យើងត្រៀមខ្លួនរួចជាស្រេច ប៉ុន្តែយើងមិនប្រញាប់ប្រញាល់នោះឡើយ»។
ការបញ្ឆេះដែលនាំឲ្យមានការប្រយុទ្ធគ្នានាពេលថ្មីៗនេះ រវាងសត្រូវចាស់ទាំង២ នេះ គឺកើតឡើងដោយសារការវាយប្រហារកាលពីថ្ងៃទី២២ ខែមេសា នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ដែលបានសម្លាប់មនុស្ស ២៦នាក់ ភាគច្រើនជាភ្ញៀវទេសចរ។ ទីក្រុងញូវដេលីបានលើកឡើងថា ហេតុការណ៍នេះបង្កឡើងដោយ «ពួកភេរវករ» ដែលគាំទ្រដោយប៉ាគីស្ថាន ជាការចោទប្រកាន់ដែលត្រូវបានបដិសេធដោយទីក្រុង Islamabad។
លោក Dar បាននិយាយថា ប្រទេសប៉ាគីស្ថានចង់បានកិច្ចសន្ទនាដ៏ទូលំទូលាយមួយ ជុំវិញបញ្ហាជាច្រើន ក្នុងនោះរួមទាំងបញ្ហាទឹកផងដែរ តែឥណ្ឌាចង់ផ្តោតតែលើអំពើភេរវកម្មប៉ុណ្ណោះ៕