ភ្នំពេញ ÷ សមាគមស្បែកជើងកម្ពុជា (CFA) និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានសហការជាមួយក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្តីពី នីតិវិធីនៃការស្នើវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងវិធានដើមកំណើតទំនិញ ដើម្បីលើកកម្ពស់ដល់ការនាំចេញ និងការទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ និងពហុភាគី។
នៅក្នុងអង្គសិក្ខាសាលា កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ ដែលមានសិក្ខាកាមចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ប្រមាណជាង ២០០រោងចក្រ សហគ្រាស ដែលប្រព្រឹត្តទៅដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគស្បែកជើងកម្ពុជា និងជាប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល បន្តអនុវត្តរបៀបវារៈសេដ្ឋកិច្ចដ៏រឹងមាំ ដោយផ្តោតលើការធ្វើពិពិធកម្ម ការបង្កើនភាពប្រកួតប្រជែង និងការជំរុញបរិយាកាសធុរកិច្ចប្រកបដោយភាពទាក់ទាញ។ ក្នុងនោះ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) មិនមែនត្រឹមតែជាឯកសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាលិខិតឆ្លងដែនសម្រាប់ផលិតផលរបស់កម្ពុជា ជាគន្លឹះដើម្បីទទួលបានការអនុគ្រោះទីផ្សារ និងជាសក្ខីភាពបញ្ជាក់ពីប្រភពដើម និងភាពត្រឹមត្រូវនៃទំនិញផងដែរ។
អ្នកឧកញ៉ា បានលើកឡើងថា ការរៀបចំសិក្ខាសាលាថ្ងៃនេះ បានប្រព្រឹត្តទៅទាន់ពេលវេលា ខណៈដែលប្រទេសកម្ពុជាកំពុងចូលរួមយ៉ាងសកម្មក្នុងក្របខ័ណ្ឌពាណិជ្ជកម្មថ្នាក់តំបន់ និងទ្វេភាគីនានា រួមទាំងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) តំបន់ពាណិជ្ជកម្មសេរីអាស៊ាន និងកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ។ ការអនុវត្ត និងការទាញយកប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីកិច្ចព្រមព្រៀងទាំងនេះ គឺអាស្រ័យលើសមត្ថភាពរួម ក្នុងការកំណត់ និងបញ្ជាក់ប្រភពដើមនៃផលិតផលរបស់យើងឲ្យបានត្រឹមត្រូវ។
នៅក្នុងបទបង្ហាញរបស់ លោក ស៊ី បាទិត្យ អនុប្រធាននាយកដ្ឋាននាំចេញ នាំចូល នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការបង្កើតឱ្យមានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងវិធានដើមកំណើតទំនិញ គឺដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងបំពេញបន្ថែមលើលិខិតបទដ្ឋានគតិយុត្តិជាធរមាន ដើម្បីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញតាមរយៈការពង្រឹងយន្តការត្រួតពិនិត្យការប្រើប្រាស់វត្ថុធាតុដើម និងសមាសភាគតម្លៃក្នុងស្រុកដើម្បីធានាបាននូវតម្លាភាពតាមបញ្ញត្តិនៃច្បាស់ស្តីពីវិធានដើមកំណើតទំនិញ និងវិធានដើមកំណើតទំនិញរបស់សហរដ្ឋអាម៉េរិក។ ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះផលិតករ និង/ឬអ្នកនាំចេញ ដែលធ្វើការនាំចេញទំនិញមួយចំនួនដែលមានដើមកំណើតទំនិញនៅកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
សូមបញ្ជាក់ថា សិក្ខាសាលាស្តីពី នីតិវិធីនៃការស្នើវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងវិធានដើមកំណើតទំនិញ ខាងលើនេះ បានផ្តោតលើចំណុចសំខាន់ៗចំនួន៣ មានដូចជា៖ ១.នីតិវិធីនៃសំណើសុំនាំចូលទំនិញពាក់កណ្ដាលសំរេច Semi-Product.។ ២. នីតិវិធីនៃការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងវិធានដើមកំណើតទំនិញ និងទី៣. វិធានការសម្រាប់បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងការអនុវត្តនីតិវិធីនៃការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញមួយចំនួនទៅសហរដ្ឋអាម៉េរិក៕
អត្ថបទ៖ ឈិត បូរ៉ាវី


















