មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានប្ដេជ្ញាថា ក្រុងតេអេរ៉ង់ នឹងមិនបោះបង់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួនឡើយ ដោយបានច្រានចោលការទាមទារដ៏សំខាន់ក្នុងសំណើររបស់សហរដ្ឋអាមេរិក ដែលមានបំណងដោះស្រាយជម្លោះដ៏យូរអង្វែងលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ការអត្ថាធិប្បាយនេះត្រូវបានថ្លែងក្នុងសុន្ទរកថាមួយកាលពីថ្ងៃពុធសប្ដាហ៍នេះ ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្តការចរចាលម្អិតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយដែលអាចកើតមាន។ បញ្ហានៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅតែជាចំណុចខ្ទាស់ក្នុងកិច្ចចរចា ទន្ទឹមនឹងសហរដ្ឋអាមេរិកត្រូវបានរាយការណ៍ថា បានទាមទារឱ្យបញ្ឈប់ទាំងស្រុង ឬបន្ទាបកម្រិតការចម្រាញ់ ជាថ្នូរនឹងការដកទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងទីក្រុងតេអេរ៉ង់។
លោក Khamenei បាននិយាយក្នុងសុន្ទរកថាអំឡុងថ្លែងក្នុងពិធីរំលឹកដល់មរណភាពរបស់ស្ថាបនិកសាធារណរដ្ឋឥស្លាម លោក Ayatollah Ruhollah Khomeini ក្នុងឆ្នាំ១៩៨៩ថា សំណើនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកផ្ទុយនឹងជំនឿប្រទេសរបស់ពួកលោកលើការពឹងផ្អែកលើខ្លួនឯង និងគោលការណ៍ “អ៊ីរ៉ង់អាចធ្វើបាន”។
លោក Khamenei បាននិយាយថា បញ្ហានៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅតែជាគន្លឹះក្នុងការស្វែងរកឯករាជ្យភាពថាមពលរបស់អ៊ីរ៉ង់។
លោកបន្តថាឯករាជ្យមានន័យថាមិនរង់ចាំភ្លើងខៀវពីអាមេរិក ហើយមិនខ្វល់ថា អាមេរិកចូលចិត្តឬ អត់នោះទេ ។ សំណើរបស់សហរដ្ឋអាមេរិក ១០០ ភាគរយគឺប្រឆាំងនឹងឧត្តមគតិនៃបដិវត្តអ៊ីស្លាមឆ្នាំ១៩៧៩៕