ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតកាលពីថ្ងៃពុធ ទី៤ ខែមិថុនា លើសេចក្តីសម្រេចអំពាវនាវឱ្យមានបទឈប់បាញ់ និងដំណើរការផ្នែកមនុស្សធម៌ដែលពុំត្រូវបានរឹតត្បិតនៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែចំណាត់ការការនេះបានបរាជ័យបន្ទាប់ពីសហរដ្ឋអាមេរិកប្រើសិទ្ធិវេតូ។

វាជាការបោះឆ្នោតលើកដំបូងរបស់ស្ថាប័នដែលមានសមាជិកចំនួន១៥ប្រទេស លើប្រធានបទនេះ ចាប់តាំងពីខែវិច្ឆិកាមក នៅពេលដែលសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល បានរារាំងសេចក្តីសម្រេចអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នា។
អ្នកការទូតជាច្រើន បានប្រាប់សារព័ត៌មានAFP ថា ពួកគេរំពឹងថា សហរដ្ឋអាមេរិកនឹងអនុវត្តអំណាចសិទ្ធិវេតូរបស់ខ្លួន។ អ្នកតំណាងមកពីសមាជិកជាប់ឆ្នោតទាំង១០របស់ក្រុមប្រឹក្សា ដែលបានបង្ហាញសេចក្តីព្រាងច្បាប់នេះ តាមសេចក្តីរាយការណ៍ថា បានព្យាយាមឥតប្រយោជន៍ក្នុងការចរចាជាមួយភាគីសហរដ្ឋអាមេរិក។

លោក Dorothy Shea បេសកជនអង្គការសហប្រជាជាតិរបស់ទីក្រុងវ៉ាស៊ីនតោន បាននិយាយនៅមុនការបោះឆ្នោតថា «សេចក្តីសម្រេចនេះ នឹងធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតក្នុងការឈានដល់បទឈប់បាញ់ដែលបង្ហាញពីការពិតនៅលើដែនដីនោះ និងគាំទ្រដល់ក្រុមហាម៉ាស។
ឯកសារសេចក្តីសម្រេចដែលមើលឃើញដោយសារព័ត៌មាន AFP «ទាមទារឱ្យមានបទឈប់បាញ់បន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងអចិន្ត្រៃយ៍ នៅតំបន់ហ្កាហ្សា ដែលត្រូវតែបានគោរពពីគ្រប់ភាគី»។ សេចក្តីសម្រេចនេះ ក៏អំពាវនាវឱ្យមាន «ការដោះលែងចំណាប់ថ្នូរជាបន្ទាន់ទាំងអស់នូវអ្នកដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស និងក្រុមផ្សេងទៀតដោយគ្មានលក្ខខណ្ឌ»។