ប្រជាជនអាហ្សង់ទីនវ័យចំណាស់រាប់រយនាក់ បានចេញធ្វើបាតុកម្មនៅខាងក្រៅសភាកាលពីថ្ងៃពុធ ទី៤ ខែមិថុនា ខណៈសមាជិកសភា បានជជែកដេញដោលអំពីច្បាប់ដើម្បីបង្កើនអត្ថប្រយោជន៍ចូលនិវត្តន៍ ក្នុងពេលមានការមិនសប្បាយចិត្តកាន់តែខ្លាំងឡើង ជុំវិញស្ថានភាពសេដ្ឋកិច្ចដែលកំពុងប្រឈមមុខទៅនឹងអ្នកចូលនិវត្តន៍របស់ប្រទេស។
ក្រុមបាតុករ ដែលជាច្រើននាក់កាន់ស្លាក និងបដា បានមកប្រមូលផ្តុំគ្នានៅពីក្រោយរបងសន្តិសុខដែលត្រូវបានដំឡើងនៅជុំវិញអគារសភាក្នុងទីក្រុង Buenos Aires។
នៅខាងក្នុងសភា សមាជិកសភា កំពុងពិភាក្សាអំពីសំណើជាបន្តបន្ទាប់ ដែលរួមមានការធ្វើឲ្យប្រសើរអត្ថប្រយោជន៍ចូលនិវត្តន៍ និងការប្រកាសគ្រាអាសន្នទាក់ទងនឹងសេវានានាដែលជាប់គាំង។
វិធានការចុងក្រោយនេះ នឹងតម្រូវឱ្យរដ្ឋាភិបាលធានានូវការផ្តល់មូលនិធិគ្រប់គ្រាន់សម្រាប់ប្រាក់សោធន និងពង្រឹងជំនួយសម្រាប់វិស័យនេះ។
ការតវ៉ានៅតែធ្វើឡើងដោយសន្តិវិធី ខណៈនគរបាលបានរក្សាសន្តិសុខនៅជុំវិញអគារសភា។ អ្នកចូលនិវត្តន៍ បានតវ៉ាប្រឆាំងវិធានការរឹតត្បិតថវិការបស់លោកប្រធានាធិបតី Javier Milei ដែលអ្នកតវ៉ាអះអាងថា បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគេ ដូចជាការរឹតត្បិតលើការទទួលបានថ្នាំពេទ្យ និងសេវាសុខភាព។