អធិការបតីថ្មីរបស់អាល្លឺម៉ង់ លោក Friedrich Merz នឹងជួបពិភាក្សាទល់មុខគ្នាជាលើកដំបូងជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែមិថុនា) នេះ ជាកិច្ចប្រជុំដ៏មានហានិភ័យខ្ពស់មួយ នៅឯការិយាល័យ Oval Office ខណៈដែលអឺរ៉ុបប្រឹងប្រែងទប់ទល់នឹងវិធានការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ក៏ដូចជាធានាឲ្យបាននូវការបន្តគាំទ្ររបស់មហាអំណាចពិភពលោកមួយនេះ ចំពោះអ៊ុយក្រែន។
មេដឹកនាំអភិរក្សវ័យ ៦៩ឆ្នាំដែលបានឡើងគ្រប់គ្រងប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប កាលពីខែមុន គ្រោងនឹងចូលរួមជាមួយលោក Trump សម្រាប់ការទទួលទានអាហារថ្ងៃត្រង់ និងកិច្ចពិភាក្សាលក្ខណឯកជន ដែលអ្នកវិភាគលើកឡើងថា អាចមានសារៈសំខាន់ ក្នុងការរៀបចំទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ សម្រាប់ប៉ុន្មានឆ្នាំខាងមុខ។

សេដ្ឋកិច្ចពឹងលើការនាំចេញរបស់អាល្លឺម៉ង់ កាន់តែរងនូវផលប៉ះពាល់ខ្លាំងជាងប្រទេសដទៃ ដោយសារការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ហើយប្រទេសនេះក៏ជាអ្នកគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុធំទី២ របស់អ៊ុយក្រែន ក្នុងការការពារប្រឆាំងនឹងការលុកលុយឈ្លានពានរបស់រុស្ស៊ី បន្ទាប់ពីសហរដ្ឋអាមេរិក។
ជំនួបនេះកើតឡើងស្របពេលដែលមានការបែកបាក់កាន់តែធំឡើងៗនៃទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក។ ហើយអ្វីដែលសំខាន់នោះ គឺថា ជំនួបនេះ នឹងត្រូវបានតាមដានយ៉ាងដិតដល់ បន្ទាប់ពីកិច្ចប្រជុំថ្មីៗនេះ នៅការិយាល័យ Oval Office ជាមួយមេដឹកនាំអ៊ុយក្រែន និងអាហ្រ្វិកខាងត្បូង បានប្រែកា្លយទីជាមានភាពតានតឹង នៅពេលដែល Trump ឆ្លៀតបន្ទោសមេដឹកនាំទាំងនោះ ដោយការអះអាង និងការចោទប្រកាន់មិនពិត៕
