ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា ការនាំចេញអាវុធរបស់ខ្លួន បានឈានដល់កម្រិតខ្ពស់បំផុតគ្រប់ពេល គឺជាង ១៤,៧ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៤ ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃកិច្ចព្រមព្រៀងជាមួយបណ្តារដ្ឋឈូងសមុទ្រអារ៉ាប់ ទោះបីជាមានការរិះគន់ពីអន្តរជាតិអំពីសង្រ្គាមដែលកំពុងបន្តរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សាក៏ដោយ។

ក្រសួងដែលត្រួតពិនិត្យ និងអនុម័តលើការនាំចេញនៃឧស្សាហកម្មការពារជាតិរបស់អ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អ៊ីស្រាអែល បានឈានដល់កម្រិតខ្ពស់បំផុតគ្រប់ពេលវេលា នៅក្នុងការនាំចេញសម្ភារៈយោធា នៅឆ្នាំ ២០២៤ ដែលបំបែកកំណត់ត្រា ៤ឆ្នាំជាប់ៗគ្នា នៅក្នុងរបាយការណ៍នៃកិច្ចព្រមព្រៀងការពារជាតិ»។
