អ្នកនាំពាក្យយោធាហ៊ួទីនៅប្រទេសយេម៉ែន លោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃពុធថា ក្រុមនេះ បានបើកការវាយប្រហារដោយយានដ្រូនចំនួន ២លើក ទៅលើអាកាសយានដ្ឋាន Ben Gurion នៅកណ្តាលប្រទេសអ៊ីស្រាអែល នៅពេលព្រឹក។
លោក Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចាក់ផ្សាយដោយទូរទស្សន៍ al-Masirah TV ថា៖«ប្រតិបត្តិការរបស់យើង នឹងបន្តរហូតដល់ការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្កាហ្សា ត្រូវបញ្ឈប់ ហើយការបិទផ្លូវ ត្រូវបានដកចេញទាំងស្រុង។

កងកម្លាំងការពារជាតិអ៊ីស្រាអែល បានបញ្ជាក់កាលពីល្ងាចថ្ងៃពុធថា យានដ្រូនដែលបានបាញ់បង្ហោះចេញពីភាគខាងកើត ត្រូវបានស្ទាក់ចាប់។ ពុំមានការរាយការណ៍ថា មានមនុស្សស្លាប់ ឬរបួសទេ។
ក្រុមហ៊ួទីដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងប្រទេសយេម៉ែន បានកំណត់គោលដៅលើអ៊ីស្រាអែលចាប់តាំងពីឆ្នាំ ២០២៣ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន ចំពេលមានសង្រ្គាមអ៊ីស្រាអែលនិងហាម៉ាស កំពុងបន្តនៅតំបន់ហ្កាហ្សា។
កាលពីថ្ងៃអង្គារ ក្រុមហ៊ួទី បានអះអាងទទួលខុសត្រូវចំពោះការបាញ់នូវអ្វីដែលខ្លួនបាននិយាយថា ជា «មីស៊ីលបាលីស្ទីកដែលមានល្បឿនលឿន» សំដៅទៅកាន់អាកាសយានដ្ឋាន Ben Gurion ដែលត្រូវបានគេរាយការណ៍ថា ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពាររបស់អ៊ីស្រាអែល។
