នៅមុនជំនួបអង្គការណាតូនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius និយាយនាថ្ងៃព្រហស្បតិ៍នេះថា អាល្លឺម៉ង់នឹងត្រូវការទាហាន ៥-៦ម៉ឺននាក់បន្ថែមទៀត ក្រោមគោលដៅថ្មីរបស់អង្គការណាតូ ប៉ុន្តែពុំទាន់មានផែនការកេណ្ឌឥឡូវនេះនោះទេ ។

លោក Pistorius បន្តថា អង្គការណាតូ ត្រូវតែបញ្ជាក់ឲ្យបានច្បាស់នៅក្នុងសេចក្តីប្រកាសជំនួបកំពូលរបស់ខ្លួនថា រុស្ស៊ីគឺជាការគំរាមកំហែងធំបំផុត ។
លោកនិយាយថា ថ្ងៃនេះគឺជាថ្ងៃពិសេសនៅទីនេះ ។ តាមធម្មតាពួកយើងជួបជុំគ្នានៅទីក្រុងព្រុចសែលសម្រាប់ជំនួបទាំងនេះ ដើម្បីចរចា ពិគ្រោះយោបល់ ពិភាក្សា និងជជែកដេញដោល ។ ថ្ងៃនេះ គឺជាថ្ងៃសម្រេចចិត្ត ថ្ងៃនេះគឺជាថ្ងៃដែលពួកយើងត្រូវនិយាយគ្នា គឺជាថ្ងៃដែលក្រុមរដ្ឋមន្រ្តីការពារជាតិអង្គការណាតូ ត្រូវសម្រេចចិត្តលើគោលដៅសមត្ថភាពរបស់អង្គការណាតូ ។
ខណៈពេលនោះដែរ ប្រមុខការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth ប្រឹងប្រែងជំរុញឲ្យមានការព្រមព្រៀង ស្តីពីការបង្កើនការចំណាយលើវិស័យការពារជាតិរបស់អង្គការណាតូ ជាអ្វីដែលអាចបំពេញចិត្តលោកប្រធានាធិបតី Donald Trump នៅឯកិច្ចប្រជុំកំពូល នាចុងខែនេះ ៕
