ក្រុមមន្រ្តីក្នុងស្រុក និយាយថា មនុស្សយ៉ាងហោច ៤នាក់ ត្រូវបានសម្លាប់ និងមនុស្ស ២០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីល និងយានដ្រូនរុស្ស៊ីកាលពីយប់កន្លងទៅលើរដ្ឋធានីគីវ របស់ប្រទេសអ៊ុយក្រែន ។
អភិបាលក្រុងគីវលោក Vitali Klitschko បាននិយាយនៅព្រឹកថ្ងៃសុក្រនេះថា ប្រតិបត្តិការរុករក និងសង្រ្គោះ កំពុងបន្តនៅតាមទីតាំងជាច្រើនកន្លែង ។ នៅក្នុងចំណោមអ្នករងរបួស មនុស្ស ១៦នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ក្រុមអាជ្ញាធរអ៊ុយក្រែននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់បង្ហោះយានដ្រូន ៤០៧គ្រឿង និងបាញ់មីស៊ីល ៤៥គ្រាប់ រួមទាំងមីស៊ីលតម្រង់គោលដៅ និងមីស៊ីលបាលីស្ទិកដែលពួកគេបំផ្លាញដោយជោគជ័យបានប្រហែលយានដ្រូន ២០០គ្រឿង និងមីស៊ីលប្រហែល ៣០គ្រាប់ ។
លោក Charles Stratford គឺជាអ្នកសារព័ត៌មានរបស់កាសែត Al Jazeera រាយការណ៍ពីរដ្ឋធានីរបស់អ៊ុយក្រែនមួយនេះថា វាគឺជាយប់ដ៏គួរឲ្យរន្ធត់មួយ ។ ពួកយើងបានឮសំឡេងយានដ្រូនហោះពីលើតំបន់នេះ នៅកណ្តាលទីក្រុងគីវ ការផ្ទុះបានកើតឡើងនៅទូទាំងទីក្រុងគីវ ហើយការផ្ទុះមួយចំនួន ពិតជាមានសំឡេងឮខ្លាំងណាស់ ៕

