អាហ្វ្រិកខាងត្បូង៖ អ្នកជំនាញប្រទេសអាហ្វ្រិកខាងត្បូងម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា លោកស្រីជឿថា ប្រទេសនេះបានឆ្លងផុតកម្រិតកំពូលនៃការឆ្លងវីរុស COVID-19 រលកទី៤ បន្ទាប់ពីការកំណត់អត្តសញ្ញាណ និងការរាលដាលឆាប់រហ័សនៃវីរុសបម្លែងខ្លួនថ្មី Omicron នៅក្នុងប្រទេស។

លោកស្រី Marta Nunes សាស្ត្រាចារ្យនៅក្នុងអង្គភាពជំងឺការពារដោយវ៉ាក់សាំងនៅសាកលវិទ្យាល័យ Witwatersrand បាននិយាយថា វាជាដំណឹងល្អ ដែលថាទោះបីជាមានការឆ្លងក្នុងកម្រិតខ្ពស់នៃវីរុសបម្លែងខ្លួនថ្មី Omicron នៅប្រទេសអាហ្វ្រិកខាងត្បូងក៏ដោយ ភាពធ្ងន់ធ្ងរនៃវីរុស និងការសម្រាកនៅមន្ទីរពេទ្យមានកម្រិតទាប។ ករណីថ្មីប្រចាំថ្ងៃនៅប្រទេសអាហ្វ្រិកខាងត្បូង បានកើនឡើងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះមានក្នុងរង្វង់ ១៦ករណីថ្មីក្នុងចំណោមមនុស្ស ១០០.០០០នាក់នៅថ្ងៃទី៥ ខែធ្នូ កើនដល់ក្នុងរង្វង់ ៣៣ករណីថ្មីក្នុងចំណោមមនុស្ស ១០០.០០០នាក់នៅថ្ងៃទី១៩ ខែធ្នូ។ ទោះបីជាករណីថ្មីដែលត្រូវបានបញ្ជាក់នៅអាហ្វ្រិកខាងត្បូងនៃវីរុស COVID-19 បានកើនឡើងតាំងពីពាក់កណ្តាលខែវិច្ឆិកាក៏ដោយ ប៉ុន្តែចំនួនអ្នកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងចំនួនអ្នកស្លាប់មិនបានកើនឡើង ដូចករណីវីរុសបម្លែងខ្លួនមុនៗនោះទេ។
អ្នកវិទ្យាសាស្ត្រនៅទ្វីបអាហ្វ្រិកដំបូងបានប្រកាសអំពីវីរុសបម្លែងខ្លួនថ្មី Omicron មានតិចជាងចំនួនកាលពីមួយខែមុន ហើយកាលពីថ្ងៃទី២៦ ខែវិច្ឆិកា អង្គការសុខភាពពិភពលោកបានកំណត់វាជាវីរុសបម្លែងខ្លួននៃក្តីបារម្ភ។ ចាប់តាំងពីពេលនោះមក វីរុសបម្លែងខ្លួនថ្មីនេះបានបង្ហាញខ្លួនក្នុងប្រទេសប្រមាណ ១០៦ប្រទេស។ នៅទ្វីបអឺរ៉ុប មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារ បានជំរុញ ឱ្យរដ្ឋាភិបាលត្រៀមសម្រាប់ការកើនឡើងករណីវីរុសឆ្លងកូរ៉ូណា នៅទូទាំងទ្វីបដោយសារតែវីរុសបម្លែងខ្លួនថ្មី Omicron ដែលបានគ្របដណ្តប់រួចទៅហើយនៅក្នុងប្រទេសជាច្រើន៕
អត្ថបទ៖ ប៊ុនថន