ច្បាប់ដែលអនុញ្ញាតឲ្យម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរដំណើរការលើសពី ៦០ឆ្នាំ បានចូលជាធរមានហើយ នៅប្រទេសជប៉ុន នាថ្ងៃសុក្រ (ទី៦ ខែមិថុនា) នេះ ខណៈដែលរដ្ឋាភិបាលបានងាកទៅរកការប្រើប្រាស់ថាមពលបរមាណូវិញ ពោលគឺក្រោយរយៈពេល ១៤ឆ្នាំបន្ទាប់ពីមានគ្រោះមហន្តរាយ នៅរោងចក្រ Fukushima។
ប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤ របស់ពិភពលោក កំពុងកំណត់គោលដៅអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ប៉ុន្តែនៅតែពឹងផ្អែកខ្លាំងលើឥន្ធនៈហ្វូស៊ីលដដែល មួយផ្នែកដោយសារតែម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរជាច្រើន ត្រូវបានឈប់ដំណើការ បន្ទាប់ពីគ្រោះមហន្តរាយ នៅ Fukushima កាលពីឆ្នាំ២០១១។

ឥឡូវនេះ រដ្ឋាភិបាលគ្រោងនឹងបង្កើនការពឹងផ្អែក លើថាមពលនុយក្លេអ៊ែរ ដែលជាផ្នែកមួយ ដើម្បីជួយបំពេញការកើនឡើងនូវតម្រូវការថាមពលពីរោងចក្របញ្ញាសិប្បនិម្មិត និងមីក្រូឈីប។ ការកំណត់រយៈពេល ៦០ឆ្នាំ ត្រូវបានលើកយកមកណែនាំ បន្ទាប់ពីមានគ្រោះមហន្តរាយឆ្នាំ២០១១ ដែលបង្កឡើងដោយរញ្ជួយដី និងរលកយក្សស៊ូណាមិដ៏បំផ្លិចបំផ្លាញ នៅភាគឦសាននៃប្រទេសជប៉ុន។
រដ្ឋាភិបាលបានឲ្យដឹងថា នៅក្រោមច្បាប់ដែលត្រូវបានធ្វើវិសោធនកម្មនេះ រយៈពេលប្រតិបត្តិការរបស់រោងចក្រនុយក្លេអ៊ែរ អាចនឹងត្រូវបន្តដំណើរការលើសពី ៦០ឆ្នាំ ជាប្រព័ន្ធស្រដៀងគ្នាទៅនឹងម៉ោងបន្ថែម នៅក្នុងការប្រកួតបាល់ទាត់ ដើម្បីទូទាត់ជាមួយនឹងការបញ្ឈប់ដែលបណ្តាលមកពី «កាលៈទេសៈមិនអាចទាយទុកជាមុនបាន»។
សារព័ត៌មាន Asahi Shimbun បានរាយការណ៍ថា នេះមានន័យថា ជាឧទាហរណ៍ រ៉េអាក់ទ័រមួយ ក្នុងតំបន់ Fukui នៅភាគកណ្តាលនៃប្រទេសជប៉ុន ដែលបានផ្អាកអស់រយៈពេល ១២ឆ្នាំមកហើយនោះ បន្ទាប់ពីមានវិបត្តិ នៅ Fukushima ឥឡូវនេះ នឹងអាចដំណើរការបានវិញ រហូតដល់ឆ្នាំ២០៤៧ ពោលគឺ ៧២ឆ្នាំបន្ទាប់ពីដាក់ឲ្យប្រើប្រាស់លើកដំបូង។
ប៉ុន្តែប្រតិបត្តិករទាមទារឲ្យមានការយល់ព្រមពីក្រុមឃ្លាំមើលសុវត្ថិភាពនុយក្លេអ៊ែររបស់ជប៉ុន សម្រាប់ការលើកលែងនេះ។ ច្បាប់នេះក៏រួមបញ្ចូលវិធានការដែលមានបំណងពង្រឹងការត្រួតពិនិត្យសុវត្ថិភាពលើម៉ាស៊ីនរ៉េអាក់ទ័រចាស់ៗផងដែរ៕
