នៅតំបន់វាលទំនាបស្ថិតក្នុងភូមិ Bushumba ចម្ការលិចទឹក ក្រោយរយៈពេលច្រើនសប្តាហ៍នៃការប្រយុទ្ធគ្នានៅដែនដី Kabare បានបង្ខំឲ្យប្រជាកសិករដូចជាអ្នកស្រី Cikuru Mwarugamba បោះបង់ចោលរដូវដាំដំណាំរបស់ពួកគេ ។ ពេលអ្នកស្រីវិលត្រឡប់មកវិញ ដំណាំសណ្តែកនៅលើចម្ការទំហំ ២ហិចតារបស់គាត់ បានរលួយអស់នៅក្នុងដីលិចទឹក ។
នៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវបានគេមើលឃើញជម្លោះថ្មីផ្ទុះឡើង ចាប់តាំងពីខែមករា ឆ្នាំ ២០២៥រហូតមក ពេលដែលក្រុមឧទ្ទាម M23គាំទ្រដោយរ៉្វាន់ដា រឹបអូសបានទីក្រុង Goma ហើយនិងដណ្តើមកាន់កាប់ខេត្ត South Kivu រួមទាំងទីក្រុង Bukavu ផងដែរ ។
ការមកដល់របស់ពួកគេ បានបើកផ្លូវសំខាន់ៗឡើងវិញ ធ្វើឲ្យតំបន់ជនបទងាយរងគ្រោះដោយសារចោរកម្ម និងការប៉ះទង្គិចគ្នាឥតឈប់ឈរ ធ្វើឲ្យមនុស្សរាប់សែននាក់ជម្លៀសខ្លួន និងរំខានដល់ការរស់នៅប្រចាំថ្ងៃ ។
បូករួមការកាន់កាប់ប្រដាប់អាវុធ និងអសន្តិសុខ បានធ្វើឲ្យការផលិតស្បៀងជាប់គាំង ។ ដោយគ្មានផ្លូវសុវត្ថិភាពចូលដល់ចម្ការរបស់ពួកគេ ប្រជាកសិករមិនអាចដាំដុះ ឬប្រមូលផងបានឡើយ ធ្វើឲ្យតម្លៃស្បៀងអាហារហក់ឡើងខ្ពស់នៅទីផ្សារទីក្រុង Bukavu ។
ប្រជាកសិករខ្លះទៀតដូចជាអ្នកស្រី Béatrice Bahati រស់នៅក្នុងភូមិ Kabare រកដំណោះស្រាយថ្មី ។ ដោយសារការភ័យខ្លាចមិនអាចធ្វើដំណើរទៅកាន់ចម្ការវិញបាន អ្នកស្រីបានប្រែក្លាយដីឡូតិ៍ផ្ទះរបស់គាត់ទៅជាចម្ការដាំដំបូងបារាំង ដោយសង្ឃឹមថា វានឹងផ្តល់ជាអាហារដល់គ្រួសារគាត់ អំឡុងរដូវប្រាំង ។
ទោះបីជាយ៉ាងណាក៏ដោយ កិច្ចខិតខំលក្ខណៈគ្រួសារបែបនេះ មិនអាចឈានដល់ទំហំនៃវិបត្តិស្បៀងអាហារបានឡើយ ។
លោក Herman Mutabataba គឺជាប្រធានក្រុមហ៊ុនគ្រាប់ពូជ Bukavu បានព្រមានថា លទ្ធផលបែបនេះ អាចនឹងបង្កឲ្យមានភាពស្រេកខ្លានរយៈពេលច្រើនខែ ៕