វ៉ូវីណាម៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានទទួលអំណោយជាស៊ុបឆ្នាំងភ្លើងចំនួន ១០០កេសស្មើនឹង ៦០០ប្រអប់ពីក្រុមហ៊ុន Cambodia-Chian Investment & Ganku Future Supply Chain។ ពិធីប្រគល់-ទទួលនេះបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានលោក សំ សុខយី អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ព្រមទាំងឯកឧត្តម យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធ, លោកស្រី អ៊ូ ឆាយអ៊ីង នាយិការប្រតិបត្តិក្រុមហ៊ុន និងលោក ឈិន លាកហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាននៅកម្ពុជាផងដែរ។

ឯកឧត្តម យ៉ាំ ថៃសាន បានបញ្ជាក់ថា អំណោយនេះមានតម្លៃប្រមាណ ៣,០០០ដុល្លារដែលជាការរួមចំណែកមួយដ៏សំខាន់ពីវិស័យឯកជន ពិសេសក្រុមហ៊ុនវិនិយោគចិន បន្ទាប់ពីសហព័ន្ធបានចុះអនុស្សារណៈយោគយល់គ្នា ជាមួយសមាគមសេដ្ឋកិច្ចចិនគ័ងតុងកាលពីថ្មីៗ សហព័ន្ធបានទទួលការឧបត្ថម្ភគាំទ្រជាបន្ដបន្ទាប់ពីអ្នកវិនិយោគចិននៅកម្ពុជា។ លោកចាត់ទុកការឧបត្ថម្ភគ្រឿងឧបភោគបរិភោគរបស់ Cambodia-Chian Investment & Ganku Future Supply Chain នេះ ក៏ជាផ្នែកមួយដ៏សំខាន់ដើម្បីជំរុញការអភិវឌ្ឍផងដែរ ដើម្បីសម្រួចទិសសមត្ថភាពត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ ដោយឡែកលោកស្រី អ៊ូ ឆាយអ៊ីង នាយិការប្រតិបត្តិក្រុមហ៊ុន Cambodia-Chian Investment & Ganku Future Supply Chain បានសម្ដែងនូវសេចក្ដីរំភើបរីករាយដែលបានរួមចំណែកឧបត្ថម្ភគាំទ្រវិស័យកីឡាកម្ពុជា ពិសេសកីឡាវ៉ូវីណាមដែលជាកីឡាមួយដ៏មានសក្ដានុពល។
តាមរយៈការឧបត្ថម្ភនេះ លោកស្រីរំពឹងថា នឹងក្លាយជាផ្នែកមួយនៃការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាវ៉ូវីណាមកម្ពុជា ឆ្ពោះទៅរកការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាដែលនៅសល់ពេលមិនដល់ ៥០០ថ្ងៃទៀតនោះទេ។ ជាមួយគ្នានោះ លោក សំ សុខយី បានធ្វើការវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាវ៉ូវីណាម ដែលខិតខំស្វែងរកដៃគូអភិវឌ្ឍក្រោមកិច្ចសហការយ៉ាងល្អជាមួយវិស័យឯកជន ដើម្បីឧបត្ថម្ភគាំទ្រដល់សហព័ន្ធខ្លួនពិសេសក្រុមជម្រើសជាតិ។ ការណ៍នេះ លោកជឿជាក់ថា កីឡាវ៉ូវីណាមកម្ពុជានឹងកាន់តែមានភាពកក់ក្ដៅក្នុងការហ្វឹកហាត់ និងអភិវឌ្ឍន៍ខ្លួនដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតអន្ដរជាតិនានា ក៏ដូចជាឆ្ពោះទៅប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិកាន់តែច្រើនទៀតផងដែរ៕
អត្ថបទ៖ លី ឈុនឡា