ស្លាបយោធានៃក្រុមសកម្មប្រយុទ្ធហាម៉ាស បានព្រមានកាលពីថ្ងៃសុក្រសប្ដាហ៍មុន ថាការខាតបង់នាពេលថ្មីៗនេះរបស់កងទ័ពអ៊ីស្រាអែល នឹងកើនឡើងបន្ថែមទៀត ដោយការខាតបង់នៅទីក្រុង Khan Younis និង Jabalia គ្រាន់តែជាការមើលទុកជាមុននូវអ្វីដែលនឹងមកដល់បន្តបន្ទាប់ទៀតប៉ុណ្ណោះ របស់កងកម្លាំងរបស់ខ្លួននៅទូទាំងដែនដីហ្កាហ្សាស្រ្ទីប។

លោក Abu Obaida អ្នកនាំពាក្យរបស់កងពលតូច Al-Qassam បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "ការខាតបង់ដែលទទួលរងដោយកងទ័ពអ៊ីស្រាអែលសព្វថ្ងៃនេះ នៅ Khan Younis (ភាគខាងត្បូង) និង Jabalia (ភាគខាងជើង) គឺជាលទ្ធផលកំពុងបន្តនៃប្រតិបត្តិការកម្រិតខ្ពស់ជាបន្តបន្ទាប់" ដោយសង្កត់ធ្ងន់ថា "នេះគឺជាគំរូនៃអ្វីដែលកងកម្លាំងអ៊ីស្រាអែលនឹងប្រឈមមុខគ្រប់ទីកន្លែងដែលពួកគេមានវត្តមាន"។

ថ្លែងទៅកាន់ជនជាតិអ៊ីស្រាអែល អ្នកនាំពាក្យរូបនេះបានជំរុញឱ្យពួកគេដាក់សម្ពាធលើថ្នាក់ដឹកនាំអ៊ីស្រាអែល ឱ្យបញ្ឈប់សង្គ្រាមនៅហ្កាហ្សា "បើមិនដូច្នេះទេគួរទេរៀបចំទទួលសពកូនប្រុសរបស់ពួកគេបន្ថែមទៀតនៅក្នុងមឈូស"។ យោធាអ៊ីស្រាអែលនិយាយថា ទាហានរបស់ខ្លួន ៤នាក់បានស្លាប់ និង ៥នាក់ផ្សេងទៀតរងរបួសកាលពីព្រឹកថ្ងៃសុក្រសប្ដាហ៍មុន នៅក្នុងការបំផ្ទុះមួយនៅឯអគារក្នុងសង្កាត់ Bani Suheila នៃក្រុង Khan Younis ភាគខាងត្បូងហ្កាហ្សា។

យោងតាមតួលេខផ្លូវការរបស់យោធាអ៊ីស្រាអែល ទាហានលើសពី ៨៦០នាក់ ត្រូវបានសម្លាប់ និងប្រមាណជាង ៥.៩២០នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក៕