យោងតាមអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានឲ្យដឹងថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានរាយការណ៍ពីការធ្លាក់ចុះខ្លាំងនៃជំងឺទាក់ទងនឹងកម្តៅក្នុងពិធីបុណ្យហាជី នៅឆ្នាំនេះ។ មានការធ្លាក់ចុះ ៩០% នៃចំនួនអ្នកជំងឺដែលទទួលរងពីជំងឺសូរិយរោគ ដែលទទួលរងពីកម្តៅ បើប្រៀបធៀបទៅនឹងឆ្នាំមុន ។

លោក Abdullah Assiri បាននិយាយថា «យើងមិនបានរកឃើញការកើនឡើងគួរឱ្យកត់សម្គាល់ណាមួយ នៅពេលនិយាយអំពីស្ថានភាពទាំងនេះនៅក្នុងការចូលសម្រាកនៅមន្ទីរពេទ្យ និងនៅក្នុងអង្គភាពសង្គ្រោះបន្ទាន់»។ មនុស្សជាង១.០០០នាក់ បានស្លាប់ក្នុងអំឡុងពេលពិធីបុណ្យហាជី កាលពីឆ្នាំ២០២៤ ខណៈកម្តៅខ្លាំងបានរួមរឹតលើមនុស្សជិតពីរលាននាក់ដែលបានទៅចូលរួមក្នុងធម្មយាត្រាមូស្លីម នៅទីក្រុង Mecca ។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានធ្វើបច្ចុប្បន្នភាពតម្រូវការសុខភាព និងកាយសម្បទា សម្រាប់រដូវកាលបុណ្យហាជីនេះ ដោយដំឡើងឧបករណ៍ផ្តល់ចំហាយត្រជាក់រាប់រយគ្រឿង និងផ្លូវដើរសម្រាប់ការគ្រប់គ្រងអាកាសធាតុដើម្បីការពារការស្លាប់ដោយសារកម្តៅ។ អ្នកដើរធម្មយាត្រាច្រើននាក់ ស្លៀកពាក់ស បានប្រើប្រាស់ឆ័ត្រ និងបានស្រោចទឹកលើមុខរបស់ពួកគេ ដើម្បីធ្វើឲ្យខ្លួនត្រជាក់។

