UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ (២២ ធ្នូ) បានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្ដីសម្រេចដែលស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បីជួយជំនួយមនុស្សធម៌ទៅដល់ប្រជាជនអាហ្វហ្គានីស្ថានកំពុងអស់សង្ឃឹម ខណៈដែលកំពុងស្វែងរកការរក្សាមូលនិធិឱ្យស្ថិតនៅក្រៅដៃពួកតាលីបង់។

សេចក្ដីសម្រេចដែលជាជំហានដំបូងរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីជជែកគ្នាតឹងសរសៃ-ក ជាច្រើនខែអំពីវិធីដើម្បីបញ្ចៀសគ្រោះមហន្តរាយមនុស្សធម៌ ស្របពេលការដួលរលំសេដ្ឋកិច្ចក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានស្វាគមន៍ដោយពួកតាលីបង់ថាជា "ជំហានដ៏ល្អ"។ ចាប់តាំងពីក្រុមតាលីបង់បានឡើងកាន់អំណាចក្នុងខែសីហា ជំនួយ និងទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារត្រូវបានបង្កកដោយលោកខាងលិច ជាអ្វីដែលអង្គការសហប្រជាជាតិបានហៅថាជា "ការភ្ញាក់ផ្អើលសារពើពន្ធដែលមិនធ្លាប់មានពីមុនមក" ចំពោះសេដ្ឋកិច្ចអាហ្វហ្គានីស្ថានដែលពឹងផ្អែកលើជំនួយបរទេស។
អស់ជាច្រើនខែមកនេះ ក្រុមអ្នកសង្កេតការណ៍បានព្រមានថា មនុស្សរាប់លាននាក់ប្រឈមនឹងជម្រើសរវាងការអត់ឃ្លាន ឬការធ្វើចំណាកស្រុក ក្នុងអំឡុងពេលមានវិបត្តិធ្ងន់ធ្ងរជាច្រើនដូចស្បៀងអាហារ ប្រេងឥន្ធនៈ និងសាច់ប្រាក់ជាដើម។ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអនុញ្ញាតឱ្យជំនួយហូរចូលប្រទេសនេះ ក្នុងរយៈពេលមួយឆ្នាំដោយមិនបំពានលើទណ្ឌកម្មអន្តរជាតិ ដែលមានបំណងដាក់ឱ្យនៅដាច់ដោយឡែកពីពួកតាលីបង់ ដែលរបបរបស់ពួកគេមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិឡើយ ស្របពេលដែលក្រុមនេះអំពាវនាវឲ្យពិភពលោកទទួលស្គាល់រដ្ឋាភិបាលរបស់ខ្លួន៕
អត្ថបទ៖ សុខមាន