អាជ្ញាធរបានប្រាប់ឲ្យដឹងថា គ្មានមនុស្សណាម្នាក់គ្រោះថ្នាក់ដល់ជីវិតនោះឡើយ ប៉ុន្តែមនុស្សជាច្រើននាក់ បានរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពីថ្ងៃអាទិត្យ (ទី៨ ខែមិថុនា) នៅពេលដែលយន្តហោះមានអ្នកដំណើរ និងបុគ្គលិកចំនួន ២០នាក់ បានធ្លាក់នៅរដ្ឋ Tennessee របស់សហរដ្ឋអាមេរិក។
យោងតាមមន្ត្រីក្នុងតំបន់ និងសហព័ន្ធ បានឲ្យដឹងថា យន្តហោះម៉ាស៊ីនភ្លោះដែលប្រើសម្រាប់បេសកកម្មលោតពីលើអាកាស បានធ្លាក់ភ្លាមៗក្រោយថ្ងៃត្រង់ នៅតំបន់ Tullahoma ភាគខាងត្បូងនៃទីក្រុង Nashville។ អ្នកនាំពាក្យទីក្រុង លោក Lyle Russell បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្ញើទៅសារព័ត៌មាន AFP ថា៖ «មិនមានអ្នកបាត់បង់ជីវិតនោះទេ»។

លោកបានប្រាប់ថា អ្នកដំណើរ និងបុគ្គលិកយន្តហោះសរុបចំនួន ២០នាក់ បានជិះនៅលើយន្តហោះ De Havilland Canada DHC-6 Twin Otter នៅពេលដែលវាបានធ្លាក់នៅឯអាកាសយានដ្ឋានតំបន់ Tullahoma នៅម៉ោងប្រហែល ១២:៣០ថ្ងៃ។
ជាមួយគ្នានេះ លោក Russell បានបញ្ជាក់ថា «គ្មានអ្វីដែលនៅលើដី ឬអាកាសយានដ្ឋាន រងការខូចខាតនោះឡើយ ហើយក៏មិនមានការរាយការណ៍ពីអ្នករងរបួសនៅលើដីនោះដែរ»។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានប្រាប់ថា ខ្លួនកំពុងស៊ើបអង្កេតហេតុការណ៍ធ្លាក់នេះ ខណៈពេលដែលអ្នកល្បាតផ្លូវហាយវេរដ្ឋ Tennessee បានឲ្យដឹងនៅលើបណ្ដាញ X ថា ទាហានរបស់ខ្លួន កំពុងជួយនគរបាលនៅកន្លែងកើតហេតុ៕
