ភ្នំពេញ៖ គិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានទឹកប្រាក់សរុបចំនួន ៣៧. ៣បប៊ីលានដុល្លារអាម៉េរិក កើនឡើង ២៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងនោះការនាំចេញសម្រេចបានទឹកប្រាក់ចំនួនជាង ១៤.២ប៊ីលានដុល្លារ ថយចុះ ២ភាគរយ និងការនាំចូលសម្រេចបានទឹកប្រាក់ចំនួន ២៣ ប៊ីលានដុល្លារ កើនឡើង ៥៨ភាគរយ។
នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាក្នុងការនាំចេញ មានដូចជា អាម៉េរិក ជប៉ុន ចិន កូរ៉េ កាណដា ចក្រភពអង់គ្លេស អូស្រ្តាលី ឥណ្ឌា នូវែលសេឡង់ ថៃ វៀតណាម អាស៊ាន និងប្រទេសផ្សេងៗទៀត។
មុខទំនិញសំខាន់ៗដែលបាននាំចេញ មានដូចជា សំលៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ កង់ អង្ករ ម៉ាស៊ីនបរិធាន និងសម្ភារៈអគ្គិសនី និងបន្លែនិងផ្លែឈើ។ល។
ឯកឧត្តម បានឲ្យដឹងទៀតថា ដោយឡែក ការនាំចូលរបស់កម្ពុជា មានដូចជា វាយនភណ្ឌ សម្ភារៈសំណង់ រថយន្ត ផលិតផលឱសថ គ្រឿងអេឡិចត្រូនិចនិងសម្ភារៈអគ្គិសនី ជីកសិកម្មនិងថ្នាំ និងមុខទំនិញផ្សេងទៀត។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា បច្ចុប្បន្នក្នុងកាលៈទេសៈដែលប្រទេសជាតិ និងពិភពលោកទាំងមូលនៅកំពុងជួបបញ្ហាប្រឈមនឹងបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជនក៏ដោយ ក៏មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ រួមទាំងមន្រ្តីជាតំណាងពាណិជ្ជកម្មប្រចាំនៅក្រៅប្រទេសបានចូលរួមពិភាក្សាដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងទទួលយកនូវអនុសសាសន៍ល្អៗ ដើម្បីធ្វើជាមូលដ្ឋានក្នុងការអនុវត្តភារកិច្ចរៀងៗខ្លួនឲ្យទទួលបានប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់ និងសម្រេចបាននូវជោគជ័យតាមទិសដៅ ដែលបានគ្រោងទុកនៅក្នុងឆ្នាំ២០២១នេះ៕អត្ថប៖ ឈិត បូរ៉ាវី


