កងកម្លាំងរុស្ស៊ី បានបាញ់បង្ហោះយានដ្រូន និងមីស៊ីលសរុបចំនួន ៤៩៩គ្រឿង ដាក់លើអ៊ុយក្រែន កាលពីថ្ងៃចន្ទ (០៩ មិថុនា) នៅក្នុងការវាយប្រហារទ្រង់ទ្រាយធំមួយផ្សេងទៀតក្នុងពេលពេញមួយយប់។ យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន សព្វាវុធចំនួន ៤៧៩គ្រឿង ក្នុងចំណោមតួលេខជិត ៥០០គ្រឿងនោះ ត្រូវបានបាញ់ទម្លាក់។

ប្រធាននាយកដ្ឋានទំនាក់ទំនងនៃបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក Yurii Ihnat បាននិយាយថា ការវាយប្រហារពេញមួយយប់របស់រុស្ស៊ី ផ្តោតសំខាន់លើអាកាសយានដ្ឋានប្រតិបត្តិការមួយរបស់អ៊ុយក្រែន ហើយនោះជារលកនៃការវាយប្រហារច្រកអាកាសដ៏ធំបំផុតមួយ។

កងទ័ពអាកាសអ៊ុយក្រែន បានចេញការប្រកាសអាសន្នលើអាកាស ពេញមួយយប់ថ្ងៃចន្ទ ដោយព្រមានតំបន់ជាច្រើនពីហានិភ័យនៃការគំរាមកំហែងមីស៊ីលបាលីស្ទិក និងយានដ្រូនវាយប្រហារប្រភេទ Shahed ដ៏គ្រោះថ្នាក់។

ក្នុងសុន្ទរកថានៅពេលល្ងាចថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានជំរុញឱ្យប្រជាជនអ៊ុយក្រែន យកចិត្តទុកដាក់ចំពោះការព្រមានពីការវាយប្រហារផ្លូវអាកាស នៅក្នុងប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីរុស្ស៊ី ព្រមានសងសឹកអ៊ុយក្រែន ជុំវិញការវាយប្រហារបំផ្លាញយន្តហោះចម្បាំងកាលពីចុងសប្ដាហ៍មុន។
ក្រៅពីទីក្រុងគីវ ការវាយប្រហារចុងក្រោយរបស់រុស្ស៊ី ក៏បានផ្តោតជាពិសេសទៅលើភាគខាងលិចអ៊ុយក្រែន។ មនុស្សជាច្រើនត្រូវរាយការណ៍ថាបានរងរបួសក្នុងទីក្រុង Rivne ភាគពាយព្យអ៊ុយក្រែន នៅជិតព្រំដែនជាមួយបេឡារុស៕