ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន ដែលដឹកនាំដោយ BYD បានផ្តួលក្រុមហ៊ុនរថយន្ត Tesla របស់អាមេរិក ក្នុងការប្រកួតប្រជែងផលិតរថយន្តអគ្គិសនី EV ដែលមានតម្លៃសមរម្យ។

ឥឡូវនេះ ដៃគូប្រកួតប្រជែងដ៏ធំទាំងពីរនេះ កំពុងធ្លាក់ចូលទៅក្នុងការប្រណាំងជាសកល ដើម្បីផលិតរថយន្តដែលបើកបរដោយស្វ័យប្រវត្តិ ខណៈភាពជឿនលឿននៃបច្ចេកវិទ្យាខ្នាតយក្សចិន បានធ្វើឱ្យអនាគតបើកបរស្វ័យប្រវត្តិរបស់ Tesla ស្ថិតនៅក្នុងគ្រោះថ្នាក់។
BYD បានអង្រួនឧស្សាហកម្ម EV ឆ្លាតវៃរបស់ចិន កាលពីដើមឆ្នាំនេះ ដោយផ្តល់ជូននូវកញ្ចប់ជំនួយអ្នកបើកបរ "ភ្នែកព្រះ" ឬហៅថា God’s Eye របស់ខ្លួនដោយឥតគិតថ្លៃ ដោយនោះជាបច្ចេកវិទ្យាមួយដែល Tesla លក់ក្នុងតម្លៃជិត ៩.០០០ដុល្លារ នៅប្រទេសចិន។
វិនិយោគិន BYD ជនជាតិអាមេរិក មានមូលដ្ឋាននៅទីក្រុង Shenzhen របស់ចិន ឈ្មោះ Taylor Ogan ដែលជាម្ចាស់រថយន្ត Tesla និង BYD ជាច្រើនគ្រឿង បំពាក់ដោយប្រព័ន្ធ God's Eye នេះ បាននិយាយថា God's Eye របស់ BYD មានសមត្ថភាពខ្លាំងជាងប្រព័ន្ធបើកបរស្វ័យប្រវត្តិ FSD របស់រថយន្ត Tesla ទៅទៀត។
មិនត្រឹមតែ BYD ទេ សូម្បីតែក្រុមហ៊ុនរថយន្ត និងបច្ចេកវិទ្យារបស់ចិនផ្សេងទៀត ក៏កំពុងផ្តល់ជូនរថយន្ត EV ដែលមានតម្លៃសមរម្យ ជាមួយនឹងបច្ចេកវិទ្យាដូចប្រព័ន្ធបើកបរស្វ័យប្រវត្តិ FSD របស់ Tesla ផងដែរ។ ជាឧទាហរណ៍ ដូចជាក្រុមហ៊ុន Leapmotor និង Xpeng របស់ចិន ផ្តល់ជូននូវប្រព័ន្ធដែលមានសមត្ថភាពបើកបរលើផ្លូវហាយវេ និងទីក្រុង នៅក្នុងរថយន្តតម្លៃត្រឹម ២ម៉ឺនដុល្លារ។ ក្រុមហ៊ុនចិនមួយចំនួនទៀតក៏កំពុងដេញតាមបច្ចេកវិទ្យាដូចគ្នានេះ ដែលជាការជំរុញឧស្សាហកម្មគាំទ្រយ៉ាងខ្លាំងដោយរដ្ឋាភិបាលចិន៕


