សមាជិកសភាអង់គ្លេសចំនួន ៩៦រូប បានទាមទារដាក់ទណ្ឌកម្មលើប្រទេសអ៊ីស្រាអែល នៅក្នុងលិខិតមួយផ្ញើជូនលោកនាយករដ្ឋមន្ត្រី Keir Starmer។

លិខិតនោះ បានអំពាវនាវឲ្យដាក់ទណ្ឌកម្មជាគោលដៅ ដែលជាបម្រាមពាណិជ្ជកម្មជាមួយនឹងការតាំងទីលំនៅខុសច្បាប់របស់អ៊ីស្រាអែល និងការផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
លិខិតនោះ បានបញ្ជាក់ថា៖«យើងសរសេរ ដើម្បីបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់យើងចំពោះអំពើហិង្សាឥតឈប់ឈរប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅទូទាំងទឹកដីប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ហើយជំរុញឲ្យចក្រភពអង់គ្លេសឆ្លើយតបទៅនឹងការរំលោភយ៉ាងទូលំទូលាយ និងជាប្រព័ន្ធរបស់អ៊ីស្រាអែលលើច្បាប់អន្តរជាតិ»។ ដោយលើកឡើងពីការកើនឡើងនៃអំពើហិង្សារបស់អ្នកតាំងលំនៅអ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន នៅតំបន់វេសបែង (West Bank) លិខិតដដែល ព្រមានថា ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសនាពេលថ្មីៗនេះ ចំពោះការដាក់ទណ្ឌកម្មលើអង្គការអ្នកតាំងលំនៅ ដែលទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស «ខកខានមិនបានបំពេញនូវអ្វីដែលត្រូវការជាចំបាច់»។

លិខិតនោះ បានបន្ថែមថា ចក្រភពអង់គ្លេសក៏ប្រឈមនឹងភាពស្មុកស្មាញ ក្នុងការរំលោភលើច្បាប់អន្តរជាតិរបស់អ៊ីស្រាអែល ដោយសារ «ការបន្តប្រតិបត្តិការការទូត និងសេដ្ឋកិច្ច និងទំនាក់ទំនងជាមួយស្ថាប័នអ៊ីស្រាអែល និងអង្គការអ្នកតាំងលំនៅ»។