បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីប៊ី (UNSMIL) កាលពីថ្ងៃចន្ទ បានថ្កោលទោសចំពោះការរំលោភលើបទឈប់បាញ់ ក្នុងរដ្ឋធានីទ្រីប៉ូលី ដែលជាកន្លែងការប៉ះទង្គិចគ្នា បានផ្ទុះឡើងនៅពេលព្រឹកថ្ងៃដដែល រវាងក្រុមប្រដាប់អាវុធដែលជាគូប្រជែង ក្នុងអំឡុងពិធីបុណ្យ Eid al-Adha។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ UNSMIL បានជំរុញឲ្យភាគីទាំងអស់គោរពបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នា ហើយជៀសវាងពីសកម្មភាពដែលអាចបំផ្លាញបទឈប់បាញ់នេះ។
បេសកកម្មនេះ បាននិយាយថា៖«នៅពេលដែលជម្លោះកើតឡើងនៅក្នុងតំបន់ទីក្រុង ទំនោរនៃការស្លាប់និងរបួសរបស់ជនស៊ីវិល គឺខ្ពស់ណាស់» ដោយអំពាវនាវឲ្យភាគីទាំងអស់ជៀសវាងសកម្មភាពបង្កហេតុ និងងាកទៅរកការសន្ទនា តាមរយៈយន្តការបទឈប់បាញ់។

UNSMIL បានបញ្ជាក់ថា នៅក្នុងសេចក្តីប្រកាសព័ត៌មានថ្មីៗនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យអ្នកទទួលខុសត្រូវចំពោះការវាយប្រហារប្រឆាំងនឹងជនស៊ីវិល ទទួលខុសត្រូវ។
សាក្សីដែលបានឃើញផ្ទាល់ភ្នែក បាននិយាយថា ការប៉ះទង្គិចគ្នា បានផ្ទុះឡើងកាលពីព្រឹកថ្ងៃចន្ទ រវាងក្រុមប្រដាប់អាវុធជាគូប្រជែង នៅក្នុងផ្នែកខ្លះនៃទីក្រុងទ្រីប៉ូលី ដែលបង្កឲ្យមានការភ័យស្លន់ស្លោ ក្នុងចំណោមជនស៊ីវិល។ រហូតមកដល់ពេលនេះ ពុំមានអ្នកស្លាប់និងរបួស ត្រូវបានគេរាយការណ៍ឡើយ។
ក្រសួងការពារជាតិលីប៊ី បានអះអាងថា ការប៉ះទង្គិចគ្នា បានបញ្ចប់ ហើយបានព្រមានប្រឆាំងនឹង «ការបំពានបែបនេះម្តងទៀត» និងបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់ខ្លួន ដើម្បីចាត់វិធានការចាំបាច់ ដើម្បីធានាសន្តិសុខ។