នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃអង្គារ (ទី១០ ខែមិថុនា) នេះ សមាជិកសភាអ៊ីរ៉ង់ បានឲ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងប្រឹងប្រែងបង្វែរកិច្ចចរចានុយក្លេអ៊ែរទៅជា «អន្ទាក់យុទ្ធសាស្ត្រ« ទាក់ប្រទេសអ៊ីរ៉ង់ ដោយការលើកឡើងនេះកើតមាននៅប៉ុន្មានថ្ងៃមុនជំនួបជុំទី៦ ដែលបានគ្រោងទុក សម្រាប់កិច្ចពិភាក្សានុយក្លេអ៊ែរអ៊ីរ៉ង់-សហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍ពីសមាជិកសភា បានលើកឡើងថា៖ «សហរដ្ឋអាមេរិកមិនមានភាពប្រាកដប្រជា ក្នុងដំណើរការចរចាទាល់តែសោះ។ ប្រទេសនេះបានកំណត់គោលដៅចរចាថា ជាការដាក់ចេញនូវការទាមទាររបស់ខ្លួន ហើយបានអនុម័តនូវគោលជំហរវាយលុកដែលផ្ទុយនឹងសិទ្ធិមិនអាចដកហូតបានទាំងស្រុងរបស់អ៊ីរ៉ង់»។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់កាលពីថ្ងៃចន្ទថា ភាគីទាំង២ នៅតែមានជម្លោះលើបញ្ហាចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅប្រទេសអ៊ីរ៉ង់ ដែលសមាជិកសភាអ៊ីរ៉ង់ ប្រាប់ថា ជាផ្នែកដែលមិនអាចចរចារបាននៃកម្មវិធីនុយក្លេអ៊ែររបស់ប្រទេស។
បើទោះបីលោក Trump បានប្រាប់ថា ជុំបន្ទាប់នៃកិច្ចចរចា នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ក៏ដោយ ក៏អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយផ្ទុយវិញថា ការជួបគ្នាត្រូវបានគ្រោងធ្វើឡើងនាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នៅក្នុងប្រទេសអូម៉ង់៕