យោងតាមក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថា នាវាផ្ទុកយន្តហោះប្រតិបត្តិការចំនួនពីរគ្រឿងរបស់ប្រទេសចិន ត្រូវបានប្រទះឃើញធ្វើប្រតិបត្តិការសមុទ្រដំណាលគ្នានៅសមុទ្រប៉ាស៊ីហ្វិក ជាលើកដំបូង ខណៈទីក្រុងប៉េកាំង បន្តបង្អួតការរីកចម្រើនផ្នែកយោធាដែលមិនធ្លាប់មានពីមុនមក ឆ្ងាយពីច្រាំងសមុទ្ររបស់ខ្លួន។

ទីក្រុងប៉េកាំង បានបញ្ជាក់នៅល្ងាចថ្ងៃអង្គារថា នាវាផ្ទុកយន្តហោះទាំងពីរគ្រឿងនោះគឺ Shandong និង Liaoning បានធ្វើការហ្វឹកហ្វឺន "ដើម្បីសាកល្បងសមត្ថភាពរបស់កងកម្លាំងនៅក្នុងការការពារដែនសមុទ្រឆ្ងាយៗ និងប្រតិបត្តិការរួមគ្នា" នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងទឹកចិន លោក Wang Xuemeng កាលពីថ្ងៃអង្គារ ដោយហៅសមយុទ្ធនេះថា "ការហ្វឹកហ្វឺនតាមទម្លាប់" ដែលមិនមានគោលដៅលើប្រទេសជាក់លាក់ណាមួយឡើយ។
ទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃចន្ទថា សកម្មភាពរបស់នាវាចិន គឺស្របទាំងស្រុងជាមួយនឹងច្បាប់អន្តរជាតិ និងការអនុវត្តអន្តរជាតិ។ ក្រុមអ្នកជំនាញនិយាយថា សកម្មភាពនេះបង្ហាញពីសមត្ថភាពកើនឡើងរបស់កងទ័ពជើងទឹកចិន នៅទីនោះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Gen Nakatani បាននិយាយថា នាវា Shandong ត្រូវប្រទះឃើញ រួមជាមួយនឹងនាវាចម្បាំងចិន ៤គ្រឿងផ្សេងទៀត នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ របស់ជប៉ុន ចម្ងាយប្រហែល ៥៥០គីឡូម៉ែត្រភាគអាគ្នេយ៍នៃកោះ Miyako ក្នុងខេត្ត Okinawa កាលពីថ្ងៃសៅរ៍ ហើយនៅថ្ងៃចន្ទ កងនាវានោះត្រូវប្រទះឃើញនៅតំបន់ EEZ ភាគខាងជើងនៃកោះ Okinotorishima ចម្ងាយប្រហែល ១.៧០០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងតូក្យូ។
លោក Nakatani បន្ថែមថា នាវាផ្ទុកយន្តហោះមួយគ្រឿងទៀតគឺ Liaoning ត្រូវប្រទះឃើញកំពុងដំណើរការនៅកោះ Minamitorishima ចុងបូព៌ារបស់ជប៉ុន កាលថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលបានក្លាយជានាវាផ្ទុកយន្តហោះចិនដំបូងគេ ដែលឆ្លងកាត់តំបន់នោះ៕

