ក្លិបបាល់ទាត់ Manchester City បានបញ្ចប់រួចរាល់ក្នុងការផ្ទេរខ្សែបម្រើប្រយុទ្ធ Rayan Cherki ពីក្លិបបារាំង Olympique Lyon ក្នុងតម្លៃ ៣០.៤៥ លានផោន។
ការផ្ទេរនេះធ្វើឡើងនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករបើកចំហររយៈពេលខ្លីមុនពេល Club World Cup មកដល់ខណៈដែលកីឡាករវ័យ ២១ ឆ្នាំរូបនេះ បានចុះហត្ថលេខារយៈពេលប្រាំឆ្នាំនៅ Etihad។
កីឡាករបារាំងរូបនេះ នឹងមានមុខជាមួយ City ក្នុងការចូលរួមព្រឹត្តិការណ៍ Club World Cup ដែលចាប់ផ្តើមចុងសប្តាហ៍នេះ។
Rayan Cherki បានក្លាយជាគោលដៅរបស់ក្លិបធំៗនៅអឺរ៉ុប តាមរយៈទម្រង់លេងល្អជាមួយ Lyon នៅរដូវកាលដែលទើបបញ្ចប់ថ្មីៗនេះ និងបានក្លាយជាកីឡាករទីបីដែលផ្ទេរចូល City ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ពីខ្សែការពារអាល់ហ្សេរី Rayan At-Nouri ផ្ទេរពី Wolves តម្លៃ ៣១ លានផោន និងអ្នកចាំទីដៃទីបី Marcus Bettinelli ផ្ទេរពី Chelsea។
រំលឹកថា Rayan Cherki គឺជាកីឡាករថ្នាល់យុវជនរបស់ Lyon និងបានឡើងមកលេងក្រុមធំតាំងពីឆ្នាំ ២០១៩ ក្នុងវ័យទើបតែ ១៦ ឆ្នាំ បង្ហាញខ្លួនសរុបបាន ១៨៥ ប្រកួតរកបាន ២៩ គ្រាប់ និងប៉ះបញ្ជូន ៤៥។
Manchester City នឹងត្រូវជួបជាមួយក្លិបម៉ារ៉ុក Wydad AC នៅថ្ងៃទី ១៨ ខែមិថុនានេះ មុនបន្តជួបជាមួយ Al-Ain របស់អារ៉ាប់រួម និង Juventus នៅក្នុងពូល G នៃ Club World Cup៕
អត្ថបទ៖នាង សុភាវុធ