រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយក្នុងសវនាការសភាកាលពីថ្ងៃអង្គារ (១០ មិថុនា) ថា សហរដ្ឋអាមេរិក នឹងកាត់បន្ថយការផ្តល់មូលនិធិសម្រាប់ជំនួយយោធាដល់អ៊ុយក្រែន នៅក្នុងកញ្ចប់ថវិកាការពារជាតិឆ្នាំ២០២៦ នាពេលខាងមុខ។
លោក Hegseth បានប្រាប់សមាជិកសភាក្នុងសភាតំណាងសហរដ្ឋអាមេរិកថា "មានការកាត់បន្ថយក្នុងកញ្ចប់ថវិកានេះ"។ លោកបន្តថា "រដ្ឋបាលមានទស្សនៈខុសគ្នាខ្លាំងពីជម្លោះអ៊ុយក្រែន ហើយជឿថា ការចរចាដោយសន្តិវិធីគឺស្ថិតនៅក្នុងផលប្រយោជន៍ល្អបំផុតនៃភាគីទាំងពីរ និងផលប្រយោជន៍ជាតិរបស់អាមេរិក ជាពិសេសជាមួយនឹងផលប្រយោជន៍ប្រកួតប្រជែងទាំងអស់ជុំវិញពិភពលោក"។

មន្ទីរបញ្ចកោណមិនទាន់ចេញផ្សាយឯកសារពេញលេញទាក់ទងនឹងថវិកាឆ្នាំ២០២៦ របស់ខ្លួននៅឡើយទេ។ យោងតាមលោក Hegseth ថវិកាដែលមិនទាន់សម្រេចនោះ "បានផ្តល់កម្រិតថវិកាជាប្រវត្តិសាស្ត្រសម្រាប់ការត្រៀមលក្ខណៈយោធា ដោយដាក់តម្រូវការអ្នកប្រយុទ្ធរបស់អាមេរិកជាធំ"។ ប្រមុខការពារជាតិរូបនេះក៏មិនបានបង្ហាញព័ត៌មានលម្អិតពីទំហំនៃការកាត់ថវិកាដល់អ៊ុយក្រែនដែរ។
ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកការពារជាតិដល់ទីក្រុងគីវជាង ៦៦ពាន់លានដុល្លារ។ ប៉ុន្តែលោកប្រធានាធិបតី Donald Trump បានបញ្ឈប់ការអនុម័តកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែន នៅពេលលោកចាប់ផ្តើមអាណត្តិទីពីរក្នុងខែមករា៕


