ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកមិនសូវជាមានទំនុកចិត្តប៉ុន្មានឡើយ ដែលថា អ៊ីរ៉ង់នឹងយល់ព្រមបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមបទសម្ភាសន៍មួយដែលចេញផ្សាយ នៅថ្ងៃពុធ (ទី១១ ខែមិថុនា) នេះ។
កាលពីថ្ងៃចន្ទ (ទី៩ ខែមិថុនា) នៅពេលត្រូវបានសួរថា តើលោកគិតថា លោកអាចធ្វើឲ្យអ៊ីរ៉ង់ព្រមព្រៀងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបានដែរ ឬទេ លោក Trump បានប្រាប់កិច្ចសម្ភាសន៍ជាផតឃែស្ថកម្មវិធី Pod Force One ថា៖ «ខ្ញុំមិនដឹងទេ។ ខ្ញុំមិនដឹងពិតមែន។ ខ្ញុំពិតជាបានគិតដូច្នេះមែន ហើយខ្ញុំកាន់តែមានភាពជឿជាក់តិចទៅៗហើយ»។
គួរបញ្ជាក់ថា លោក Trump បាននិងកំពុងប្រឹងប្រែងឲ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ ដើម្បីដាក់កម្រិតលើសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយបានគំរាមកំហែងទីក្រុងតេអេរ៉ង់ ដោយវិធានការទម្លាក់គ្រាប់បែក ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចឡើងទេនោះ។
អំឡុងពេលផ្ដល់បទសម្ភាសន៍ជាផតឃែស្ថនោះ លោក Trump បានប្រាប់ថា អ៊ីរ៉ង់ហាក់ដូចជាកំពុងប្រើយុទ្ធសាស្ត្រពន្យារពេល។ លោកបានសង្កត់ធ្ងន់ថា៖ «ឥឡូវនេះខ្ញុំមិនសូវមានទំនុកចិត្តដូចពីប៉ុន្មានខែមុនឡើយ។ មានអ្វីមួយបានកើតឡើង ចំពោះពួកគេ ហើយខ្ញុំមិនសូវជាមានទំនុកចិត្ត ក្នុងការឈានដល់កិច្ចព្រមព្រៀងទេ»។
យ៉ាងណាក្ដី លោក Trump បានលើកឡើងដដែលៗថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអែរជាដាច់ខាត ទោះបីជាមានកិច្ចព្រមព្រៀង ឬអត់ក៏ដោយ៕