ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ឱ្យបញ្ចប់សង្រ្គាមនៅតំបន់ដែនដីហ្កាហ្សានិងបញ្ឈប់ការនិយាយអំពីការវាយប្រហារលើអ៊ីរ៉ង់ នេះបើយោងតាមប្រភពមួយដែលដឹងពីការសន្ទនានោះក្នុងការចុះផ្សាយរបស់សារព័ត៌មានCNN។

មេដឹកនាំទាំងពីរបាននិយាយតាមទូរស័ព្ទកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ក្រោយមក លោក Trump បាននិយាយថាជំនួបតាមទូរស័ព្ទនោះដំណើរការទៅបានរលូនល្អណាស់។
ការអំពាវនាវឱ្យអ៊ីស្រាអែលផ្លាស់ប្តូរជំហរនេះ បានកើតឡើងខណៈក្រុងវ៉ាស៊ីនតោន ជំរុញឱ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ និងចូលរួមកិច្ចពិភាក្សាដោយប្រយោលជាមួយក្រុមហាម៉ាស ជុំវិញបទឈប់បាញ់នៅទឹកដីហ្កាហ្សា។

យោងតាមការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានឱ្យដឹងថាលោក Netanyahu បានកោះប្រជុំរដ្ឋមន្ត្រីកំពូលៗរបស់លោកកាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីមានវឌ្ឍនភាពខ្លះៗ ក្នុងការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីផ្តល់ព័ត៌មានថ្មីៗអំពីការចរចា និងពិភាក្សាអំពីជំហានបន្ទាប់។
នៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa'ar បាននិយាយថា មានការរីកចម្រើននាពេលថ្មីៗនេះ ក្នុងកិច្ចចរចាបទឈប់បាញ់ ដែលក៏មានគោលបំណងនាំយកចំណាប់ខ្មាំងកំពុងត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សាមកវិញផងដែរ៕