គិតចាប់ពីខែមករា រហូតត្រឹមខែមេសា ឆ្នាំ២០២៥នេះ ការនាំចេញក្នុងវិស័យកាត់ដេររបស់កម្ពុជា នៅតែមានភាពល្អប្រសើរ ដោយមានកើនឡើងចំនួនប្រមាណ ៤,៥ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹង ២១.៩% បើទោះបីជាបរិបទសេដ្ឋកិច្ចសកលមានភាពមិនច្បាស់លាស់។

យោងតាម ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា កំណើននៃការនាំចេញដ៏រឹងមាំនៅទូទាំងទីផ្សារសំខាន់ៗ មានដូចជា ការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក បានកើនឡើង ២៦,៧%, ទៅជប៉ុន កើនឡើង ២១,៨% , អឺរ៉ុប កើនឡើង ២១,៧% , ទៅអាស៊ាន កើនឡើង ១៩,១% និងការនាំចេញទៅចក្រភពអង់គ្លេស កើនឡើង ១១,៤%។ ជាមួយនេះ ឯកឧត្តម បានបង្ហាញការអបអរសាទរដល់កម្មករ និងនិយោជកក្នុងស្រុកទាំងអស់ ដែលបានរួមគ្នាយ៉ាងល្អជាមួយរាជរដ្ឋាភិបាល និងក្រសួងការងារ ដើម្បីសម្រេចកិច្ចការងារដ៏ប្រពៃសម្រាប់សង្គមជាតិ មាតុភូមិមួយនេះ។

ឯកឧត្តម ក៏បានស្នើឱ្យកម្មករនិយោជិត និងភាគីនិយោជក បន្តជឿជាក់លើក្រសួងការងារ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួល និងឈរនៅជាមួយបងប្អូនគ្រប់ពេលវេលា ព្រមទាំងគិតគូរប្រយោជន៍ជូនបងប្អូនកម្មករ និងនិយោជកជានិច្ច។
ពាក់ព័ន្ធការនាំចេញនេះដែរ ឯកឧត្តមបានពន្យល់ពីហេតុផលនៃកំណើននាំចេញថា កម្លាំងពលកម្ម គឺជាចំណុចសំខាន់មួយ ដែលជួយជ្រោមជ្រែងសេដ្ឋកិច្ចកម្ពុជា ដែលជាហេតុធ្វើឱ្យរាជរដ្ឋាភិបាលបានគិតគូរៀបចំឱ្យមានទិវាអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជារៀងរាល់ឆ្នាំ ខណៈឆ្នាំនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ និង១៦ ខែមិថុនាខាងមុខនេះ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ឯកឧត្តមបានបន្ថែម ទិវានេះ ជាកម្មវិធីមួយដ៏សំខាន់ដើម្បីលើកកម្ពស់ការយល់ដឹងការផ្សព្វផ្សាយ និងជាការរម្លឹកទៅដល់ការកសាងកម្លាំងពលកម្មប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់ ហើយដើម្បីបម្រើឱ្យទីផ្សារការងារនៅក្នុងស្រុក និងទីផ្សារក្រៅស្រុកផងដែរ។
គិតក្នុងរយៈពេល២០ខែ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រោងចក្រ សហគ្រាសមានការកើនឡើងចំនួនប្រមាណ ៥ ០៨៦រោងចក្រ សហគ្រាស ដោយកើនពី ៤០ ៣០០ ទៅដល់ ៤៥ ៣៨៦រោងចក្រ សហគ្រាស ។ កម្លាំងពលកម្មនៅកម្ពុជា បានកើនឡើងចំនួន ១លាន ៦សែន ៥ម៉ឺន ទៅដល់ ១លាន ៨សែន ៧ម៉ឺននាក់ ។
ក្នុងនោះវិស័យកាត់ដេរ មានរោងចក្រចំនួន ១ ៦៥៧រោងចក្រ ដោយមានកម្មករនិយោជិតប្រមាណ ៩៧ម៉ឺននាក់ ក្នុងនោះប្រាក់ដែលកម្មករនិយោជិតទទួលបានពីវិស័យនេះសរុបចំនួនប្រមាណ ៣ ១០០លានដុល្លារសហរដ្ឋអាម៉េរិក គិតជាមធ្យមក្នុងរយៈពេល១ឆ្នាំៗ៕អត្ថបទ៖ ឈិត បូរ៉ាវី

