វាយកូនឃ្លីលើតុ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានប្ដេជ្ញាចិត្តនឹងខិតខំអស់ពីសមត្ថភាពដើម្បីដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាវាយកូនឃ្លីលើតុកម្ពុជាឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ ការអះអាងនេះធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦ និងបន្ដអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ នៅថ្ងៃទី២៣ ខែធ្នូនេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ស្របពេលឯកឧត្តម គៀត ច័ន្ទថារិទ្ធ ត្រូវបានគាំទ្រធ្វើជាប្រធានសហព័ន្ធអាណត្ដិថ្មីបន្ដទៀត។

មហាសន្និបាតនេះមានការចូលរួមជាសាក្សីពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា។ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា អាណត្តិទី៧ នេះគឺជាអាណត្តិយុទ្ធសាស្ដ្រដ៏សំខាន់បំផុត ស្របពេលកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣។ ដូច្នេះឆ្លើបតបជាមួយការគាំទ្រឯកឧត្តមបន្ដដឹកនាំសហព័ន្ធអាណត្តិថ្មី ឯកឧត្តមបានប្ដេជ្ញាចិត្តនឹងខំប្រឹងសិក្សា ស្រាវជ្រាវ និងស្វែងយល់បន្ថែមពីវិស័យកីឡានេះ ទាំងក្នុង និងក្រៅប្រទេសដើម្បីពង្រឹងសមត្ថភាពដឹកនាំ និងគ្រប់គ្រងសហព័ន្ធឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ពិសេសទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំ២០២៣។ ទន្ទឹមជាមួយគ្នា ប្រមុខសហព័ន្ធដដែលបានដាក់ចេញនូវផែនការមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍក្នុងអាណត្តិទី៧ ដូចជាការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍កីឡាករ-កីឡាការិនី ពិសេសការហ្វឹកហាត់ទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាជំរុញការរៀបចំឲ្យមានការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិផ្សេងៗ។ ម្យ៉ាងសហព័ន្ធក៏នឹងព្យាយាមស្វែងរកការឧបត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារៈដើម្បីជួលគ្រូកម្រិតខ្ពស់មកបង្ហាត់ ក៏ដូចជាការៀបចំនូវឧបករណ៍ហ្វឹកហាត់ស្ដង់ដារ និងការយកចិត្តទុកដាក់លើអាហាររូបត្ថម្ភ ការថែទាំសុខភាព និងការលើកទឹកចិត្តផ្សេងៗផងដែរ។
សូមបញ្ជាក់ថា សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធអាណត្តិទី៧ គឺមាន ១៧រូបក្រៅពីឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ជាប្រធាន គឺមានអនុប្រធានសហព័ន្ធចំនួន ៧រូបរួមមានឯកឧត្តម ដួង ហេង, លោក តែ សុខហុង, ឯកឧត្តម ពុំ វិត្យា, ឯកឧត្តម គឹម រស្មី, ឯកឧត្តម លី សេងឃុង, លោក គុយ វ៉ាត និងលោក ចាន់ ពិសិដ្ឋ។ រីឯលោក ស៊ុន សុទ្ធារិទ្ធ ជាអគ្គលេខាធិការ ខណៈលោក ព្រុំ ឌុចបូរ៉ានឿន ជាអគ្គហេរញ្ញិក និងលោក ហេង សុខជាតិ ជាអគ្គលេខាធិការរង ព្រមទាំងសមាជិកចំនួន ៥នាក់ផ្សេងទៀត៕
អត្ថបទ៖ លី ឈុនឡា