រដ្ឋាភិបាលអ៊ុយក្រែន នឹងទទួលបានការយល់ព្រមពីសភាសម្រាប់ការចំណាយថវិកាបន្ថែម ក្នុងចំនួនទឹកប្រាក់ ៤០០ពាន់លានហ៊ីរីវនៀ (៩,៦៣ ពាន់លានដុល្លារ) ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញ Telegram នៃសភារបស់ប្រទេសនេះ។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«រដ្ឋាភិបាលកំពុងរៀបចំ ដាក់សំណើទៅសភាដើម្បីធ្វើវិសោធនកម្មចំពោះថវិការដ្ឋប្រហែល ៤០០ពាន់លានហ៊ីរីវនៀ»។
ឯកសារនេះ បានបញ្ជាក់ថា៖«ការចំណាយ នឹងត្រូវបានគ្របដណ្តប់ដោយការប្រតិបត្តិនៃប្រាក់ចំណូលពន្ធ និងគយលើសពីគោលដៅនេះ សញ្ញាប័ណ្ណរដ្ឋាភិបាល (ប័ណ្ណប្រាក់កម្ចីរដ្ឋាភិបាលក្នុងស្រុក) ក៏ដូចជាជំនួយឥតសំណងពីដៃគូ។ ការចំណាយនេះ នឹងមិនមានការរំខានចំពោះការផ្គត់ផ្គង់ដល់បុគ្គលិកយោធាទេ»។
ក្នុងពេលជាមួយគ្នានេះ ដូចដែលបានរាយការណ៍ដោយប្រធានគណៈកម្មាធិការសភាទទួលបន្ទុកថវិកា លោកស្រី Roksolana Pidlasa ថ្លៃបន្ថែមពីអាជ្ញាធរគយ និងពន្ធដារសម្រាប់រយៈពេល ៥ខែ មានចំនួន ៤១ ពាន់លានហ៊ីរីវនៀ (៩៩០ លានដុល្លារ) ពោលគឺតិចជាងការចំណាយបន្ថែមជិត ១០ដង។
