លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ ជាវិស័យថ្មីមួយមែន តែមានការរីកចម្រើនជាងគេ ក្នុងពិភពលោក។
ការថ្លែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា យ៉ាងដូច្នេះ ក្នុងពិធីបិទសិក្ខាសាលាអនាគតគោលនយោបាយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។
លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បន្តថា វិស័យនេះ អាចជួយឲ្យសេដ្ឋកិច្ចរីកចម្រើន តាមរយៈផលិតផល និងសេវាកម្មវប្បធម៌។ បើតាមរបាយការណ៍របស់យូណេស្កូ ឆ្នាំ២០២២ ស្តីពី «រៀបចំ និងកែសម្រួលគោលនយោបាយវប្បធម៌ ជម្រុញការច្នៃប្រតិដ្ឋដើម្បីការអភិវឌ្ឍ» ក៏បានបញ្ជាក់ដែរថា វិស័យឧស្សាហកម្មវប្បធម៌ និងការច្នៃប្រតិដ្ឋបានចូលរួមចំណែកដល់ផលិតផលក្នុងស្រុក សរុបចំនួន ៣.១% និងអត្រាអ្នកធ្វើការក្នុងវិស័យនេះមានចំនួន ៦.២% ហើយផ្នែកនាំចេញ ផលិតផលវប្បធម៌ និងសេវាបានកើនឡើងទ្វេដង បើប្រៀបធៀបពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៩ ដោយគិតជាទឹកប្រាក់មានចំនួនសរុប ៣៨៩.១ ប៊ីលលានដុល្លារសហរដ្ឋអាមេរិក។ យើងឃើញថា យើងអាចទាញផលប្រយោជន៍បានយ៉ាងច្រើនឥតគណនាពីវិស័យវប្បធម៌ ព្រោះវិស័យនេះ ជាប្រភពមិនចេះរីងស្ងួតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ ហេតុដូច្នេះ មិនថារដ្ឋ ឬឯកជន សុទ្ធតែអាចចូលរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងបង្កើនចំណូលជូនប្រជាជនតាមរយៈការច្នៃប្រតិដ្ឋវប្បធម៌។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានសង្កត់ធ្ងន់ថា សិក្ខាសាលាអនាគតគោលនយោបាយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា គឺមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសខ្មែរយើងសំបូរទៅដោយមត៌ក វប្បធម៌ រូបី និងអរូបី ដែលជាទីចាប់អារម្មណ៍របស់មនុស្សទូទាំងសកលលោក។ សិក្ខាសាលានាពេលនេះនឹងនាំយើងងាកមកចាប់អារម្មណ៍កាន់តែខ្លាំង និងគិតគូរ យកមកពិចារណាបន្ថែមទៀត ដើម្បីផ្សព្វផ្សាយបន្ត និងធ្វើយ៉ាងណាឲ្យវិស័យវប្បធម៌ក្លាយជាវិស័យធំមួយ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការបង្កើតសេវា និងផលិតផលវប្បធម៌ថ្មីៗប្រកបដោយភាពច្នៃប្រតិដ្ឋ។ ថ្វីដ្បិតថាកន្លងមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំក្នុងការអនុវត្តតាមគោលការណ៍ដែលបានណែនាំ ទាំងការអភិរក្ស ការងារលើកស្ទួយតម្លៃ និងការងារអភិវឌ្ឍវប្បធម៌ ជាតិ ដោយបានរៀបចំផែនការសកម្មភាពរបស់ខ្លួនតាំងពីឆ្នាំ២០១៤ ឲ្យស្របទៅនឹងផែនការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល រហូតមកដល់ការរៀបចំផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណង ប្រែក្លាយ វប្បធម៌ជាសេដ្ឋកិច្ចជាតិយ៉ាងណាក៏ដោយ ក៏ត្រូវការកិច្ចសហប្រតិបត្តិការពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជននានា។ គឺត្រូវប្រឹងប្រែងរួមគ្នាក្នុងស្មារតី លើកស្ទួយតម្លៃវប្បធម៌ ការពារ លើកតម្កើងកេរដំណែលវប្បធម៌ជាតិ ពង្រឹងសក្តានុពលវប្បធម៌ ផ្សព្វផ្សាយអំពីផលិតផលវប្បធម៌ដ៏សម្បូរបែប ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិយើង និងដើម្បីសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល ដែលប្រទេសកម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ គឺសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
ជាទីបញ្ចប់ក្នុងនាមថ្នាក់ដឹកនាំក្រសួង លោកជំទាវបណ្ឌិតសភាចារ្យ សូមថ្លែងអំណរគុណ អង្គការយូណេស្កូប្រចាំនៅកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំសិក្ខាសាលានេះ។ សូមកោតសរសើរដល់មន្ត្រីក្រោមឱវាទរបស់ក្រសួងវប្បធម៌ ដែលខិតខំប្រឹងប្រែងជួយរៀបចំសិក្ខាសាលាដ៏មានសារៈប្រយោជន៍នេះឡើង។ ក៏សូមថ្លែងអំណរគុណ ដល់វាគ្មិន ដែលមកពីលេខាធិការដ្ឋានអាស៊ាន ដៃគូជាតិ និងអន្តរជាតិ ដែលបានចែករំលែកនូវចំណេះដឹង គំនិត និងបទពិសោធន៍ល្អៗ ព្រមទាំងគោលនយោបាយនានាទាក់ទងនឹងឧស្សាហកម្ម វប្បធម៌ និងច្នៃប្រតិដ្ឋនេះ៕ អត្ថបទ រដ្ឋា