យានអវកាសដើរគន្លងព្រះអាទិត្យ Solar Orbiter ទទួលបានរូបភាពដំបូងមិនធ្លាប់ដែលថតបានពីប៉ូលទាំង ២របស់ព្រះអាទិត្យ ស្របពេលក្រុមអ្នកវិទ្យាសាស្រ្តស្វែងរកការយល់ដឹងកាន់តែស៊ីជម្រៅជាងនេះ ពីតារារបស់ផែនដីមួយនេះ រួមទាំងដែនម៉ាញ៉េទិករបស់វា វដ្ត ១១ឆ្នាំនៃសកម្មភាពខ្យល់ព្រះអាទិត្យ ។

កាលពីថ្ងៃពុធ ទីភ្នាក់ងារអវកាសអឺរ៉ុប(ESA) បានបញ្ចេញរូបភាពថតបានកាលពីខែមីនា ដោយប្រើប្រាស់ឧបករណ៍ ៣គ្រឿងនៅលើយានអវកាស Solar Orbiter ។ ពួកគេបង្ហាញប៉ូលខាងត្បូងរបស់ព្រះអាទិត្យពីចម្ងាយប្រហែល ៦៥លានគ.ម ទទួលបាននៅពេលសកម្មភាពព្រះអាទិត្យឡើងដល់កម្រិតអតិបរមា ។ រូបភាពប៉ូលខាងជើងរបស់ព្រះអាទិត្យ នៅត្រូវបញ្ជូនដោយយានអវកាសត្រឡប់មកកាន់ផែនដី ។
យានអវកាស Solar Orbiter ដែលត្រូវបានផលិតឡើងដោយ ESA ដោយមានកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់អវកាសសហរដ្ឋអាមេរិកណាសា ត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាសកាលពីឆ្នាំ ២០២០ ចេញពីរដ្ឋ Florida ។
មកទល់នឹងពេលនេះ រាល់រូបភាពទាំងអស់របស់ព្រះអាទិត្យ បានចេញពីចំណុចតែមួយ មើលត្រង់ឆ្ពោះទៅកាន់ខ្សែអេក្វាទ័ររបស់វាពីផ្លូវដែលផែនដី និងភពដទៃនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដើរគន្លង ឬហៅថាជាផ្លូវសូរ្យគ្រាស ។
យានអវកាស Solar Orbiter បានហោះជិតភពសុក្រកាលពីខែកុម្ភៈ ចេញពីផ្លូវមួយនេះ ដើម្បីមើលព្រះអាទិត្យក្នុងកម្រិត ១៧ដឺគ្រេពីលើខ្សែអេក្វាទ័រព្រះអាទិត្យ ។ ការហោះទៅជិតនៅពេលអនាគត នឹងផ្តល់រូបភាពកាន់តែច្បាស់ជាងនេះ ក្នុងកម្រិតប្រហែល ៣០ដឺគ្រេ ។
សូមបញ្ជាក់ថា អង្កត់ផ្ចិតព្រះអាទិត្យមានប្រវែងប្រហែល ១,៤លានគ.ម ដែលធំជាងផែនដីប្រហែលជាង ១០០ដង ហើយនិងស្ថិតនៅចម្ងាយប្រហែល ១៤៩លានគ.មពីភពផែនដីរបស់ពួកយើង ៕

