ឧប្បត្តិហេតុធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ប្រភេទប៊ូអ៊ីង 787-8 Dreamliner ត្រឹមប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីហោះឡើង កាលពីថ្ងៃព្រហស្បតិ៍ (១២ មិថុនា) ដែលសម្លាប់មនុស្សជាង ២៤០នាក់ បានដាក់ការផ្ដោតអារម្មណ៍ និងជាការសាកល្បងដ៏ធំចុងក្រោយបំផុតទៅលើបណ្ដានាយកប្រតិបត្តិក្រុមហ៊ុន Boeing ខណៈពេលពួកគេត្រៀមធ្វើដំណើរទៅកាន់កម្មវិធី Paris Air Show នៅសប្តាហ៍ក្រោយ ដែលជាធម្មតានាំមកនូវភាពរីករាយនៅពេលក្រុមហ៊ុនផលិតយន្តហោះមួយនេះប្រកាសការបញ្ជាទិញធំៗ និងបង្ហាញផលិតផលរបស់ពួកគេ។
រហូតមកដល់ថ្ងៃព្រហស្បតិ៍ នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Boeing លោក Kelly Ortberg គ្រោងនឹងដើរចូលទៅក្នុងព្រឹត្តិការណ៍នោះជាមួយនឹងសមិទ្ធផលជាច្រើន ខណៈលោកព្យាយាមកសាងទំនុកចិត្តសាធារណៈឡើងវិញលើក្រុមហ៊ុនផលិតយន្តហោះអាមេរិកមួយនេះ បន្ទាប់ពីបញ្ហាប្រឈមសុវត្ថិភាព និងការផលិតជាបន្តបន្ទាប់។

ប៉ុន្តែការធ្លាក់យន្តហោះនេះ ទំនងក្លាយជាប្រធានបទនៃការពិភាក្សា បើទោះបីជាអ្នកជំនាញផ្នែកសុវត្ថិភាពអាកាស បាននិយាយរួចហើយថា នៅពេលនេះ មិនមានហេតុផលណាមួយក្នុងការគិតថា បញ្ហាផលិតកម្ម ឬការរចនាយន្តហោះ គឺជាមូលហេតុនៃគ្រោះថ្នាក់នោះទេ។ គួរឱ្យដឹងថា យន្តហោះមួយគ្រឿងនោះបានធ្លាក់ក្នុងទីក្រុង Ahmedabad របស់ឥណ្ឌា បន្ទាប់ពីហោះឡើងភ្លាមៗ ដោយបានសម្លាប់មនុស្សស្ទើរតែទាំងអស់នៃអ្នកជិះសរុប ២៤២នាក់ នៅក្នុងគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតរបស់ពិភពលោក ក្នុងពេលមួយទសវត្សរ៍។
បន្ទាប់ពីគ្រោះថ្នាក់នេះរួច ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានធ្លាក់ប្រហែល ៤,២% កាលថ្ងៃព្រហស្បតិ៍។ លោក John Nance អ្នកជំនាញសុវត្ថិភាពអាកាសចរណ៍ និងជាអតីតអ្នកបើកបរយន្តហោះ បានលើកឡើងថា បញ្ហាប្រឈមដ៏ធំបំផុតសម្រាប់ក្រុមហ៊ុន Boeing អាចជាការធ្វើឱ្យមនុស្សទូទៅយល់ថា ទោះជាយន្តហោះដែលខ្លួនផលិត បានធ្លាក់ពិតមែន ប៉ុន្តែនោះមិនបានបញ្ជាក់ទេថា ក្រុមហ៊ុន Boeing ជាអ្នកមានកំហុសក្នុងរឿងនេះ៕



