ប្រភពវេជ្ជសាស្ត្របានប្រាប់សារព័ត៌មាន Al Jazeera ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥២ នាក់បន្ថែមទៀតនៅទូទាំងតំបន់ហ្កាហ្សាចាប់តាំងពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្របពេលមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយដោយជំរុញឱ្យមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌក្នុងតំបន់ដែលរងការឡោមព័ទ្ធមួយនេះ។
មន្ត្រីការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា លោក Mohammed el-Mougher បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា មន្ទីរពេទ្យ al-Awda បានទទួលសាកសពយ៉ាងហោចណាស់ ១០ នាក់ និងប្រហែល ២០០ នាក់ផ្សេងទៀតដែលរងរបួស បន្ទាប់ពីយានដ្រូនរបស់អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ទៅលើការប្រមូលផ្តុំជនស៊ីវិលនៅជិតចំណុចចែកចាយជំនួយនៅជុំវិញប៉ុស្តិ៍ត្រួតពិនិត្យ Netzarim កណ្តាលដែនដីហ្កាហ្សា។
លោក El-Mougher បាននិយាយថា មន្ទីរពេទ្យ al-Shifa របស់ទីក្រុងហ្កាហ្សាក៏ទទួលបានសាកសពចំនួន៦ផងដែរ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុមមនុស្សកំពុងតម្រង់ជួរទទួលជំនួយនៅជិតប៉ុស្តិ៍ត្រួតពិនិត្យ Netzarim និងក្នុងតំបន់ As-Sudaniya នៅភាគពាយ័ព្យហ្កាហ្សា។
ចាប់តាំងពីមូលនិធិជំនួយហ្កាហ្សា(GHF)គាំទ្រដោយអាមេរិកនិងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅហ្កាហ្សាកាលពីចុងខែឧសភាមក ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ត្រូវបានសម្លាប់ ខណៈព្យាយាមទៅដល់ចំណុចចែកចាយជំនួយ នេះបើយោងតាមទីភ្នាក់ងារការពារស៊ីវិលរបស់ហ្កាហ្សា៕