តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (១២ មិថុនា) បានអនុញ្ញាតឱ្យលោកប្រធានាធិបតី Donald Trump បន្តការដាក់ពង្រាយកងទ័ពឆ្មាំជាតិរបស់លោកក្នុងទីក្រុង Los Angeles ស្របពេលមានការតវ៉ា ជុំវិញការបង្កើនអនុវត្តច្បាប់អន្តោប្រវេសន៍ ដោយផ្អាកជាបណ្តោះអាសន្ននូវសេចក្តីសម្រេចរបស់តុលាការជាន់ទាប ដែលបានរារាំងការចល័តទ័ពនេះ។
សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ប្រចាំតំបន់ទី៩ របស់សហរដ្ឋអាមេរិកនេះ មិនមានន័យថា តុលាការនឹងយល់ព្រមជាមួយលោក Trump ទេ ប៉ុន្តែមានន័យថា លោកនឹងបន្តបញ្ជាលើឆ្មាំជាតិបានសិនសម្រាប់ពេលនេះ។
នៅមុននោះ ចៅក្រម Charles Breyer បាននចេញដីកាហាមឃាត់ជាបណ្តោះអាសន្នលើលោកប្រធានាធិបតី Donald Trump មិនឱ្យដាក់ពង្រាយកងទ័ពឆ្មាំជាតិនៅក្នុងទីក្រុង Los Angeles ជុំវិញបាតុកម្មដ៏តានតឹង ដោយបញ្ជាឱ្យឆ្មាំជាតិត្រឡប់ទៅក្រោមការគ្រប់គ្រងរបស់អភិបាលរដ្ឋ California លោក Gavin Newsom វិញ។ ដីការបស់ចៅក្រម Breyer ត្រៀមចូលជាធរមាននៅរសៀលថ្ងៃសុក្រ (១៣ មិថុនា) នេះ។
ចៅក្រមរូបនេះលើកឡើងថា ការតវ៉ានៅក្នុងទីក្រុង Los Angeles ខុសពី "ការបះបោរ" ឆ្ងាយណាស់ ខណៈលោក Trump កំពុងបង្ហាញភាពត្រឹមត្រូវរបស់ខ្លួនលើការដាក់ពង្រាយកងទ័ព ដោយកំណត់ស្ថានភាពនៃការតវ៉ានោះថាជាការបះបោរ។ លោក Trump បានកោះហៅកងទ័ពយោធាទៅកាន់ទីក្រុង Los Angeles ដើម្បីគាំទ្រដល់ប្រតិបត្តិការនគរបាលស៊ីវិល ជុំវិញការជំទាស់របស់លោកអភិបាល Newsom ដែលនេះជាវិធានការមិនធម្មតា និងកម្រប្រើខ្លាំងណាស់៕