បណ្ដាមេដឹកនាំពិភពលោក បានប្រញាប់ប្រញាល់សម្ដែងប្រតិកម្ម និងក្ដីបារម្ភ បន្ទាប់ពីអ៊ីស្រាអែល នៅព្រឹកថ្ងៃសុក្រ (១៣ មិថុនា) នេះ បានបើកការវាយប្រហារលើគោលដៅនុយក្លេអ៊ែរអ៊ីរ៉ង់ ដើម្បីរារាំងទីក្រុងតេអេរ៉ង់ មិនឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយប្រព័ន្ធផ្សព្វផ្សាយ និងសាក្សីអ៊ីរ៉ង់ បានរាយការណ៍ពីការផ្ទុះ រួមទាំងនៅរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដ៏សំខាន់។
សហរដ្ឋអាមេរិក បានចេញមុខនិយាយភ្លាមៗ ដោយរដ្ឋមន្រ្តីការបរទេស លោក Marco Rubio បានបដិសេធការជាប់ពាក់ព័ន្ធណាមួយ ឬជួយដល់អ៊ីស្រាអែល នៅក្នុងការវាយប្រហារនោះ ហើយថែមទាំងបានព្រមានអ៊ីរ៉ង់ កុំឱ្យកំណត់គោលដៅសងសឹកលើផលប្រយោជន៍ ឬបុគ្គលិករបស់អាមេរិក។
អូស្រ្តាលី បានសម្ដែងក្ដីបារម្ភ និងប្រកាសអាសន្នចំពោះភាពតានតឹងដែលបង្កហានិភ័យកាន់តែខ្លាំងដល់តំបន់មជ្ឈិមបូព៌ា ដែលងាយកើតមានហិង្សារួចទៅហើយ ដោយអំពាវនាវឱ្យគ្រប់ភាគីអត់ធ្មត់។
នូវែលហ្សេឡង់ បានហៅស្ថានការណ៍នេះថាជារឿងមិនគួរឱ្យស្វាគមន៍នៅមជ្ឈិមបូព៌ា ហើយហានិភ័យនៃការគណនាខុសគឺខ្ពស់ខ្លាំង។ ជប៉ុនវិញនិយាយថា ខ្លួននៅតែបន្តកិច្ចប្រឹងប្រែងការទូតជាចាំបាច់ទាំងអស់ ដើម្បីទប់ស្កាត់ស្ថានភាពកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត។
ដោយហៅពេលនេះថាជា "វេលាដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល" លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា ប្រទេសរបស់លោកកំពុងកំណត់គោលដៅលើអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ ដែលធ្វើការលើរោងចក្រផលិតគ្រាប់បែកនុយក្លេអ៊ែរ និងមីស៊ីល នៅក្នុងប្រតិបត្តិការដែលនឹងបន្តជាច្រើនថ្ងៃ។ អ៊ីស្រាអែល ក៏ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នដើម្បីរង់ចាំការវាយប្រហារសងសឹកដោយមីស៊ីល និងយានដ្រូនពីអ៊ីរ៉ង់វិញផងដែរ៕