ប្រភពសន្តិសុខអ៊ីរ៉ង់ បានប្រាប់សារព័ត៌មានរ៉យទ័រថា អ៊ីរ៉ង់គ្រោងនឹង 'ឆ្លើយតបយ៉ាងខ្លាំងក្លាបំផុត' ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃសុក្រ (១៣ មិថុនា) នេះ ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
មន្ត្រីរូបនេះបាននិយាយថា "ការឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីស្រាអែល នឹងមានភាពខ្លាំងក្លា និងដាច់ណាត់"។ នៅពេលត្រូវសាកសួរថាតើការវាយប្រហារនឹងកើតឡើង ឬទេ មន្រ្តីរូបនោះបន្ថែមថា ព័ត៌មានលម្អិតនៃការសងសឹករបស់អ៊ីរ៉ង់ "កំពុងត្រូវបានពិភាក្សាក្នុងកម្រិតខ្ពស់បំផុត"។
រដ្ឋាភិបាលអ៊ីស្រាអែល បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នដើម្បីរង់ចាំការសងសឹករបស់អ៊ីរ៉ង់។ នៅព្រឹកថ្ងៃសុក្រនេះ យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានបើកការវាយលុកជាមុន ដែលបង្កការខូចខាតខ្លាំង និងមានលក្ខណៈរួមបញ្ចូល ដើម្បីវាយប្រហារកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕