រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១២ ខែមិថុនា ថាទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក អាចមានតុល្យភាពឡើងវិញ ប្រសិនបើទីក្រុងប៉េកាំង មានឆន្ទៈក្នុងការបង្កើនដំណើរការទីផ្សារសម្រាប់ផលិតផលអាមេរិក។

លោក Bessent កំពុងផ្តល់សក្ខីកម្ម នៅមុខសវនាការគណៈកម្មាធិការហិរញ្ញវត្ថុព្រឹទ្ធសភាអាមេរិក។ លោកបាននិយាយថា លោកប្រធានាធិបតី Donald Trump ព្យាយាមជំរុញការផលិត និងកាត់បន្ថយឱនភាពពាណិជ្ជកម្ម។
លោក Bessent ក៏បាននិយាយផងដែរថា កិច្ចប្រជុំរបស់អ្នកចរចាសហរដ្ឋអាមេរិកនិងចិន នៅទីក្រុងឡុងដ្រ៍ ក្នុងសប្តាហ៍នេះ ពុំបានពិភាក្សាអំពីដំណើរការផ្លាស់ប្តូរក្រុមហ៊ុន TikTok ខណៈកាលបរិច្ឆេទផុតកំណត់ថ្ងៃទី១៩ ខែមិថុនាសម្រាប់ក្រុមហ៊ុនមេ ByteDance មានមូលដ្ឋាននៅប្រទេសចិននឹងលក់វេទិកាវីដេអូខ្លីនេះ បើមិនដូច្នេះទេ ត្រូវប្រឈមការបិទវេទិកានៅសហរដ្ឋអាមេរិក។
