ក្រុមហ៊ុនអាកាសចរណ៍អ៊ីស្រាអែល El Al, Israir និង Arkia នៅថ្ងៃសុក្រ (ទី១៣ ខែមិថុនា) នេះ បានឲ្យដឹងថា ក្រុមហ៊ុនបានយកយន្តហោះរបស់ខ្លួនចេញពីប្រទេស ពោលគឺក្រោយប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារលើគោលដៅជាច្រើនកន្លែង នៅអ៊ីរ៉ង់ ហើយបានត្រៀមខ្លួន សម្រាប់ការសងសឹកណាមួយពីសាធារណរដ្ឋឥស្លាម។
អ្នកនាំពាក្យរបស់អាកាសយានដ្ឋាន Ben Gurion ក្នុងទីក្រុង Tel Aviv ដែលត្រូវបានបិទ នៅថ្ងៃសុក្រនេះ រហូតដល់មានការជូនដំណឹងបន្ថែមនោះ បានប្រាប់ឲ្យដឹងថា យន្តហោះទាំងនោះបានហោះហើរចេញដោយគ្មានអ្នកដំណើរ។
ក្រុមហ៊ុនអាកាសចរណ៍ Israir បានឲ្យដឹងថា ខ្លួនកំពុងយក និងផ្លាស់ប្ដូរទីតាំងយន្តហោះរបស់ខ្លួនចេញពីអាកាសយានដ្ឋាន ដោយបានបន្ថែមថា នេះគឺជាផ្នែកមួយនៃផែនការបន្ទាន់ដែលត្រូវបានបង្កើតឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ហើយក្រុមហ៊ុនអាកាសចរណ៍ El Al បានឲ្យដឹងថា ខ្លួនកំពុងយកយន្តហោះចេញពីអ៊ីស្រាអែល «ទៅកាន់គោលដៅផ្សេង» តែក្រុមហ៊ុន Arkia បានបដិសេធមិនប្រាប់ថា ខ្លួនកំពុងយកយន្តហោះទៅកាន់ទីណានោះទេ។
ទិន្នន័យតាមដានជើងហោះហើរ បានបង្ហាញថា យន្តហោះជាច្រើន បានចាកចេញពីទីក្រុង Tel Aviv នាព្រឹកថ្ងៃសុក្រ តាមពេលវេលាម៉ោងក្នុងស្រុក។ ទិន្នន័យរបស់ក្រុមហ៊ុន Flightradar24 បានឲ្យដឹងថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Israir មួយចំនួន បានទៅកាន់ប្រទេសកោះស៊ីប ហើយយន្តហោះរបស់ក្រុមហ៊ុន El Al ជាច្រើន បានហោះទៅកាន់ព្រលានយន្តហោះ នៅអឺរ៉ុប៕